ដោយៈ សាវុធ
ភ្នំពេញៈ ផ្សារមូលបត្រចែកជាពីរដំណាក់គឺ ផ្សារដំបូង(primary market) និង ផ្សារបន្ទាប់(secondary market)។ ជាទូទៅ ការចូលរួមនៃវិនិយោគិននៅក្នុងផ្សារមូលបត្រ គឺសំដៅដល់ការទិញលក់ភាគហ៊ុននៅទីផ្សារបន្ទាប់(នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា)។
ការចូលរួមនៅក្នុងទីផ្សារដំបូង ដែលជាការទិញហ៊ុនដោយផ្ទាល់ ពីក្រុមហ៊ុនបោះផ្សាយ កើតមានម្តងម្កាល នៅពេលដែលមានក្រុមហ៊ុន បោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង។ អត្ថបទសប្តាហ៍នេះ នឹងពន្យល់អំពីយន្តការសំខាន់ៗ សម្រាប់វិនិយោគិន ដែលចាប់អារម្មណ៍ចង់ទិញភាគហ៊ុន ដែលទើបបោះផ្សាយ ដើម្បីកេងចំណេញទុកលក់នៅថ្ងៃជួញដូរដំបូង ឬនៅថ្ងៃជួញដូរក្រោយទៀត នៅទីផ្សារបន្ទាប់។
ការចូលរួមនៅទីផ្សារដំបូង ចែកជាពីរវគ្គគី ទី១) ការធ្វើប៊ុកបៀលឌីង(book-building) ឬការស្ទាបស្ទង់ថ្លៃ និងទី ២) ការធ្វើបរិវិសកម្ម(subscription) ឬការចុះឈ្មោះទិញ។
ទី១) ការធ្វើប៊ុកបៀលឌីង(book-building) ឬការស្ទាបស្ទង់ថ្លៃ
នៅពេលបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនជាលើកដំបូង ក្រុមហ៊ុនបោះផ្សាយត្រូវការស្ទាបស្ទង់ថ្លៃភាគហ៊ុនរបស់ខ្លួនជាមុនសិន។ ដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនបោះផ្សាយធ្វើការវាយតម្លៃ ភាគហ៊ុនរបស់ខ្លួននៅក្នុងចន្លោះថ្លៃមួយ(price range) ហើយដាក់ស្នើទៅវិនិយោគិនសាធារណៈ(ឬសក្តានុពល) ឱ្យដាក់ថ្លៃទិញភាគហ៊ុនរបស់ខ្លួននៅក្នុងចន្លោះថ្លៃនោះ។
ទី២) ការធ្វើបរិវិសកម្ម(subscription) ឬការចុះឈ្មោះទិញ
នៅពេលស្ទាបស្ទង់ និងកំណត់ថ្លៃបោះផ្សាយរួចហើយ ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយ ពីក្រុមហ៊ុនធានាទិញមូលបត្រ នឹងត្រូវរៀបចំវគ្គបរិវិសកម្មបន្តទៀត ដើម្បីអនុញ្ញាតឱ្យវិនិយោគិន ចុះឈ្មោះទិញភាគហ៊ុនរបស់ខ្លួន នៅថ្លៃដែលបានកំណត់រួច(offering price)។
វិនិយោគិន ដែលជោគជ័យនៅក្នុងប៊ុកបៀលឌីង(វិនិយោគិនដែលដាក់ថ្លៃទិញខ្ពស់ជាង ឬស្មើថ្លៃដែលត្រូវធ្វើសំណើលក់) ត្រូវដាក់ពាក្យស្នើសុំធ្វើបរិវិសកម្មបន្តទៀត ដើម្បីទទួលបានភាគហ៊ុន ដែលខ្លួនបានដាក់សំណើនៅក្នុងវគ្គប៊ុកបៀលឌីង ដោយត្រូវតម្កល់ប្រាក់បន្ថែមឱ្យគ្រប់ ១០០% នៃតម្លៃភាគហ៊ុនដែលទទួលបានជោគជ័យ នៅក្នុងវគ្គប៊ុកបៀលឌីង ឬតម្លៃភាគហ៊ុនដែលខ្លួនចង់ទិញ៕