ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុនផលិតក្រដាសឈានមុខរបស់ចិន បានប្រកាសបោះទុនវិនិយោគជាង៥០០លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតក្រដាស នៅខេត្តកំពត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅដើមសប្តាហ៍នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន SHUNYING PULP AND PAPER COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២៦១កន្លែង។
ក្រុមហ៊ុន Shunying Pulp and Paper Company Limited បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយការចុះបញ្ជីក្រុមហ៊ុនេះត្រូវបានធ្វើឡើង ដោយលោក Lee MAN Bun ត្រូវបានប្រុសបង្កើតរបស់លោក Patrick Lee ដែលជាស្ថានិកក្រុមហ៊ុន Lee & Man Paper ដែលមូលដ្ឋាននៅប្រទេសចិន។
ក្រុមហ៊ុន Lee & Man Paper ត្រូវបានបង្កើតឡើងក្នុង ឆ្នាំ១៩៩៤ ហើយមានការរីកចម្រើន ពីក្រុមហ៊ុនតូចមួយទៅជាក្រុមហ៊ុនផលិតក្រដាសឈានមុខគេមួយនៅលើពិភពលោក។ ក្រុមហ៊ុនក៏បានចុះបញ្ជីផ្សារភាគហ៊ុនហុងកុង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៣។
បច្ចុប្បន្ន ក្រុមហ៊ុនមានទីតាំងផលិតកម្មនៅតំបន់ Zhongtang និងតំបន់ Hongmei នៃទីក្រុង Dongguan ខេត្ត Guangdong ទីក្រុង Changshu ស្រុក Chongqing Yongchuan ទីក្រុង Ruichang ខេត្ត Jiangxi លើសពីនេះទៀតក្រុមហ៊ុន ក៏មានមូលដ្ឋានផលិតកម្មនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងប្រទេសដទៃទៀត។ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានក្លាយជាសហគ្រាសពហុជាតិ ដែលមានសមត្ថភាពផលិតក្រដាស ប្រចាំឆ្នាំបានជាង៧,៣៨៥លានតោន។
ក្រដាស ដែលផលិតដោយក្រុមហ៊ុននេះ មានច្រើនប្រភេទដូចក្រដាសវេចខ្ចប់ ក្រដាសបិតជញ្ជាំង និងក្រដាសអនាម័យជាដើម៕