ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ខ្ពស់ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ដឹកនាំដោយលោក Allen Forlemu នាយកក្រុមស្ថាប័នហិរញ្ញវត្ថុ និងប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក អមដោយប្រធានគ្រប់គ្រងធនាគារពិភពលោក និងប្រធានស្ថានតំណាង IFC ប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចពិភាក្សាបានផ្លាស់ប្តូរទស្សនាទាន អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ព្រមទាំងសេដ្ឋកិច្ចកម្ពុជា។
ក្នុងជំនួបនេះ លោកAllen Forlemu បានបង្ហាញឆន្ទៈក្នុងការបន្តចូលរួមគាំទ្រ វិស័យហិរញ្ញវត្ថុកម្ពុជារយៈពេលវែង ដោយផ្អែកលើបទពិសោធជោគជ័យ និងកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ដែលរួមមានទាំងការចូលរួមគាំទ្រ ការបង្កើតការិយាល័យឥណទានកម្ពុជា និងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ។
ទោះបីវិស័យនេះ ជួបប្រទះបញ្ហាប្រឈមមួយចំនួន លោក Allen បានបញ្ជាក់ពីជំហររបស់IFC ក្នុងការបន្តគាំទ្រវិស័យហិរញ្ញវត្ថុកម្ពុជា ដោយបានសង្កត់ធ្ងន់ពីតួនាទីសំខាន់របស់វិស័យនេះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសបង្កើតការងារសម្រាប់ស្រ្តី។
បន្ថែមលើនេះ លោកក៏បានចែករំលែកអំពីយុទ្ធសាស្ត្ររបស់ IFC ក្នុងការផ្តោតលើ វិស័យអាទិភាពមួយចំនួននៅកម្ពុជា ដែលអាចរួមចំណែកដល់ការជំរុញសកម្មភាពសេដ្ឋកិច្ច និងការបង្កើតឱកាសការងារ។
ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានស្វាគមន៍ចំពោះគោលបំណងរបស់IFC ក្នុងការបន្តចូលរួមគាំទ្រវិស័យហិរញ្ញវត្ថុកម្ពុជា និងបានគូសបញ្ជាក់ថា វិស័យអាទិភាពដែលកំណត់ក្នុងយុទ្ធសាស្រ្តមានភាពស្របគ្នាជាមួយអាទិភាព អភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
បន្ថែមលើនេះ លោកជំទាវក៏បានរំលេចពីតួនាទីរបស់ដៃគូអភិវឌ្ឍន៍ រួមទាំងIFC ក្នុងការចូលរួមអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក ដែលត្រូវបានយកជាគំរូនៅកម្រិតអន្តរជាតិ។ លើសពីនេះ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់ នៃការបណ្តុះបណ្តាលជំនាញសហគ្រិនភាព និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងបានលើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍន៍ ពង្រឹងការគាំទ្រកម្មវិធីអប់រំហិរញ្ញវត្ថុផងដែរ។
កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងកិច្ចការពារអតិថិជនហិរញ្ញវត្ថុ តាមរយៈក្របខណ្ឌបទប្បញ្ញត្តិ និងយន្តការដោះស្រាយបណ្តឹងដែលមានប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ។
IFC ក៏បានចែករំលែកវឌ្ឍនភាព នៃការពង្រឹងកិច្ចការពារអតិថិជនហិរញ្ញវត្ថុ រួមទាំងការសម្របសម្រួល ដោះស្រាយបណ្តឹង និងការតាមដានការអនុវត្តស្តង់ដារពាក់ព័ន្ធ នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ៕








