ដោយៈ និស្ស័យ
ភ្នំពេញៈ លោកហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាជាមួយលោកស្រីTilottama Dhar តំណាងក្រុមហ៊ុនAPS ដើម្បីពិភាក្សាអំពី “គោលនយោបាយអភិវឌ្ឍន៍លើវិស័យឧស្សាហកម្ម និងភស្តុភារកម្មរបស់កម្ពុជា”។
កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សា និងចែករំលែកអំពីទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ទិសដៅគោលនយោបាយ និងសកម្មភាពអាទិភាពសំខាន់ៗ ក្នុងការពង្រឹងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងភស្តុភារកម្មនៅកម្ពុជា។
ជំនួបពិភាក្សានេះមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀតផងដែរ។
លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលការងារសំខាន់ៗជាច្រើន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងបានឆ្លៀតឱកាសបង្ហាញ អំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ សម្រាប់ជាមូលដ្ឋានដល់ក្រុមហ៊ុនក្នុងការវិភាគ និងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយបន្តដល់វិនិយោគិន ដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើន៕








