រដ្ឋមន្រ្តីៈ ការ​អភិវឌ្ឍមូលធន​មនុស្ស​ក្នុង​វិស័យទេសចរណ៍ ​ជា​ការងារ​អាទិភាព​ដ៏​សំខាន់​

ដោយៈ ចំណាន

   ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ជាការងារអាទិភាពដ៏សំខាន់ ដែលតម្រូវឱ្យក្រសួង ទេសចរណ៍ មានការគិតគូរខ្ពស់ទាំង គុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងផលិតភាព។

ការអភិវឌ្ឍន៍នេះ សំដៅធានាបាននូវការផ្តល់សេវាកម្មទេស​ចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ ផ្តល់ភាពកក់ក្តៅ និងភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “កម្មវិធីហាត់ការវិជ្ជាជីវៈតាមមូលដ្ឋានអាជីវកម្ម សម្រាប់ ខេត្ត គោល ដៅ របស់ កម្ម វិធី អភិវឌ្ឍន៍ ជំនាញ”។

កម្មវិធីហាត់ការវិជ្ជាជីវៈតាមមូលដ្ឋានអាជីវកម្មនេះ មានគោលបំណងសំខាន់គឺ នាំគ្រូបង្គោល និងអ្នកបណ្តុះបណ្តាលតាមបណ្តាខេត្តគោលដៅគម្រោង ទៅទទួលបទពិសោធន៍ការងារជាក់ស្តែងនៅក្នុងសណ្ឋាគារ និងភោជនីយដ្ឋានស្តង់ដា ដើម្បីពង្រឹងជំនាញ និងធ្វើឱ្យការបណ្តុះបណ្តាលហូកា មានភាពជាក់ស្តែង និងស្របតាមតម្រូវការឧស្សាហកម្ម។

ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប លោក François Schnoebelen នាយកសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងមន្រ្តីពាក់ព័ន្ធ។

ថ្លែងក្នុងពិធីលោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះរដ្ឋបាលខេត្តសៀមរាប គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ អង្គការស្វីសខន់ថាក់ ព្រមទាំងភាគីពាក់ព័ន្ធ លោក François Schnoebelen នាយកសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល និងសហការី, តំណាងក្លឹបទេសចរណ៍ខេត្តសៀមរាប ព្រមទាំងតំណាងម្ចាស់មូលដ្ឋានអាជីវកម្មទាំង១៨ទីតាំង ដែលបានសហការយ៉ាងល្អក្នុងការរៀបចំ និងបានបន្តជាដៃគូដ៏សំខាន់ របស់ក្រសួងទេសចរណ៍ ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សស្របតាមស្តង់ដាអាស៊ាន។

ទន្ទឹមនេះ លោករដ្ឋមន្រ្តីបានគូសរំលេចថា បទពិសោធន៍ និងការចែករំលែករបស់លោក លោកស្រីវាគ្មិនទាំងអស់ ពិតជាបានបង្ហាញយ៉ាងច្បាស់ អំពីភាពចាំបាច់នៃការរៀនសូត្រ ដោយត្រូវផ្សារភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្តែងនៅហ្នឹងកន្លែង និងសារៈសំខាន់ នៃកិច្ចសហការរវាងស្ថាប័នបណ្តុះបណ្តាល និងវិស័យឯកជន ក្នុងការពង្រឹងសមត្ថភាពគ្រូបង្គោល និងអ្នកជំនាញទេសចរណ៍។

ក្នុងន័យនេះ តាមរយៈការហាត់ការផ្ទាល់នេះ សិក្ខាកាមបានទទួលការបង្ហាត់បង្ហាញ ការណែនាំ និងការតម្រង់ទិសពីអ្នកជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារ កិច្ច ដើម្បីពង្រឹងសមត្ថភាពទាំងចំណេះដឹង ជំនាញបច្ចេកទេស និងឥរិយា បថ វិជ្ជាជីវៈស្របតាមស្តង់ដាឧស្សាហកម្មទេសចរណ៍។

ជាមួយគ្នានេះ លោកហួត ហាក់បានមានប្រសាសន៍បន្ថែមថា ក្រសួងទេសចរណ៍ កំពុងជំរុញការភ្ជាប់កម្មវិធីបណ្តុះបណ្តាល HoKa ទៅនឹងក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (National Qualifications)ដើម្បីឱ្យជំនាញ និងបទពិសោធការងារ ទទួលបានការទទួលស្គាល់ជាផ្លូវការ និងបង្កើតគន្លងអាជីពកាន់តែច្បាស់លាស់។ ជាពិសេស ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការ ដើម្បីឱ្យការអភិវឌ្ឍជំនាញ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ស្របតាមទស្សនទាន ពី “ជំនាញ ទៅសមត្ថភាព” ពី “សមត្ថភាព ទៅគុណវុឌ្ឍិ”និងពី “គុណវុឌ្ឍិ ទៅអាជីព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here