ផ្សារមូលបត្រកម្ពុជា​កៀរ​គរ​បាន​មូលធន​សរុប​ប្រមាណ​៧២០​លាន​ដុល្លារ​

ដោយៈ ចំណាន

   ភ្នំពេញៈ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុប ចំនួន២៨ដោយកៀរគរបានមូលធន សរុបប្រមាណ៧២០លានដុល្លារ ពីទីផ្សារមូលបត្រកម្ពុជា។

ព័ត៌មាននេះត្រូវបានបង្ហាញកាលពីព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៦ ក្នុងឱកាសផ្សារមូលបត្រកម្ពុជា បានរៀបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី” ក្រោមអធិបតីភាព លោកបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបា លនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា លោកហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, លោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លោកសុខ វឿន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងមន្រ្តីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានសម្តែងការអបអរសាទរជូនគណៈគ្រប់គ្រង និង បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLC ដែលសម្រេចបាននូវការបោះផ្សាយ និង ចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពមានបុគ្គលធានា ក្រោមទឹកប្រាក់សរុប២០លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់៥,៧៥% សម្រាប់រយៈពេល៥ឆ្នាំ ។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ធ្លាប់បានកៀរគរទុនលើកទី១ ពីទីផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ ២០១៩ ក្នុងទំហំទឹកប្រាក់សរុប២០លានដុល្លារអាមេរិក ហើយពេលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ បានវិលត្រលប់ និងជ្រើសរើសនូវប្រភពទុនពីទីផ្សារមូលបត្រជាថ្មីម្តងទៀត (ជាលើកទី២) ដែលទាំងពីរលើក គ្រឹះស្ថាននេះបានកៀរគរមូលធន សរុបប្រមាណ៤០លានដុល្លារអាមេរិក ។

លោកបន្ថែមថា ការចូលក្នុងផ្សារមូលបត្រ បានបង្ហាញយ៉ាងច្បាស់អំពីរូបភាពល្អចំនួន៣ ៖ ទី១. តម្លាភាព និងអភិបាលកិច្ចដ៏រឹងមាំ តាមរយៈការអនុញ្ញាតឱ្យចុះបញ្ជីផ្លូវការពី និយ័តករមូលបត្រកម្ពុជា និង ផ្សារមូលបត្រកម្ពុជា បានបញ្ជាក់អំពីអនុលោមភាពផ្លូវច្បាប់ ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ និងស្ថិរភាពប្រតិបត្តិការខ្ពស់ របស់ក្រុមហ៊ុនបោះផ្សាយ។

ទី២. ទំនុកចិត្តពីវិនិយោគិន ដោយការទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ស្តែងឱ្យឃើញអំពីជំនឿទុកចិត្តលើចក្ខុវិស័យ និងនិរន្តរភាពនៃការីកចម្រើនរបស់ក្រុមហ៊ុនបោះផ្សាយ និងទី៣. ការរួមចំណែកអភិវឌ្ឍទីផ្សារមូលធនកម្ពុជា ដែលការចូលរួមរបស់ក្រុមហ៊ុនបោះផ្សាយ ជួយបង្កើនទំហំជួញដូរ និងផ្តល់នូវជម្រើសវិនិយោគចម្រុះ ប្រកបដោយសុវត្ថិភាព និង មានផលតបស្នងសមរម្យ ជូនវិនិយោគិនសាធារណៈ និងវិនិយោគិនស្ថាប័ន។

ចំណែកលោកស៊ូ សុជាតិ បានមានប្រសាសន៍ថា សមិទ្ធផលនាថ្ងៃនេះ កើតចេញពីការរួមចំណែករបស់CGCC ដែលបានធ្វើជាបុគ្គលធានាមូលបត្របំណុលរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី, ហើយការផ្ដល់ការលើកកម្ពស់ឥណទាន (Credit Enhancement) តាមរយៈការធានានេះ បានដើរតួនាទីយ៉ាងសំខាន់ជា “ខែលការពារហានិភ័យ” ក្នុងការកាត់បន្ថយផលប៉ះពាល់ ពីឥណទានមិនដំណើរការ (NPL) ដែលអាចប៉ះពាល់ដល់លទ្ធភាពរបស់គ្រឹះស្ថាន ក្នុងការទូទាត់សងការពារប្រាក់ដើម និងការប្រាក់ជូនវិនិយោគិន។

លោកបញ្ជាក់ថា “ការចូលរួមធានាមូលបត្របំណុលពីCCC មិនត្រឹមតែជួយកសាង និងបង្កើនទំនុកចិត្តខ្ពស់ ដល់វិនិយោគិនសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានឈានមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់កម្រិតឥណទានទីផ្សារ (Market Credit) និងការបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ទីផ្សារមូលធនកម្ពុជា ដែលស្ថាប័នធានាឥណទានក្នុងស្រុក បានដើរតួនាទីក្នុងការគាំទ្រដល់ការបោះផ្សាយមូលបត្របំណុល នៅលើទីផ្សារមូលបត្រកម្ពុជា”។

ជាមួយគ្នានេះ លោកហុង សុហួរ បានជម្រាបជូនអង្គពិធីថា គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២៨ បានកៀរគរទុនសរុបប្រមាណ៧២០លានដុល្លារអាមេរិក រួមមានក្រុមហ៊ុនចំនួន១២បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន១៦ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ។

លោកបន្តថា បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃ ជាមធ្យមគិតត្រឹម ៨ខែ ឆ្នាំ២០២៦ មានប្រមាណជាង២៣ម៉ឺនភាគហ៊ុន កើនឡើងជិត ១៥០% បើធៀបនឹងឆ្នាំ២០២៥ ហើយទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ។សម្រាប់ខែសីហាកន្លងទៅនេះ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម បានកើនឡើងគំហុកដល់ជាង៥៨ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ និងទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ៨០ម៉ឺនដុល្លារអាមេរិក។

ដោយឡែក ចំនួនគណនីជួញដូរមានការកើនឡើង រហូតដល់ប្រមាណ៨២,០០០គណនី ។

ជាមួយគ្នានេះ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ថា មូលបត្របំណុលចីរភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រមូលមូលនិធិរយៈពេលវែង សម្រាប់គាំទ្រគម្រោង និងសកម្មភាពដែលផ្តល់ប្រយោជន៍ជាក់ស្តែងដល់បរិស្ថាន និងសង្គម ហើយការបោះផ្សាយមូលបត្របំណុលនេះ បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អិលអូអិលស៊ី ក្នុងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការចូលរួមគាំទ្រគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល ។

លោកបញ្ជាក់ថា “មូលនិធិដែលទទួលបានពីការបោះផ្សាយមូលបត្របំណុលចីរភាពនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងដែលគាំទ្រផ្នែកបរិស្ថាន ប្រមាណ២០% និង ផ្នែកសង្គមប្រមាណ៨០ភាគរយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here