មន្រ្តីជាន់ខ្ពស់ ​និង​ឯកអគ្គរដ្ឋទូតចិន​ដឹក​​នាំ​កិច្ចសន្ទនា​លើក​ទី២​ រវាង​រដ្ឋ​និង​វិស័យ​ឯកជន​ កម្ពុជា-ចិន

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយនិងលោកWang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញសហធិបតីដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន។

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងសេដ្ឋកិច្ច កសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចចិន សំដៅជំរុញឱ្យមានការពង្រីកវិសាលភាពវិនិយោគបន្ថែម និងទាក់ទាញការវិនិយោគថ្មីៗទៀតមកកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះ ក៏មានការចូលរួមពីមន្រ្តីពាក់ព័ន្ធ និងទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា និងតំណាងក្រុមហ៊ុនសហគ្រាសចិន ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជាប្រមាណ៧០ស្ថាប័ន។

កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន បានផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖ ១. ការពិនិត្យលើបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារ តាមរយៈការវាយតម្លៃរួមគ្នាលើស្មារតីដែលបានដាក់ចេញនៅក្នុងកិច្ចសន្ទនាលើកទី១។ ២.ការពិភាក្សាលើបច្ចុប្បន្នភាពស្តីពីគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា។៣. ការចូលរួមមតិយោបល់ បញ្ចេញទស្សនៈ និងសំណូមពរពីតំណាងក្រុមហ៊ុនសហគ្រាសចិន ភ្ជាប់ជាមួយការឆ្លើយតប បកស្រាយពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, និង ៤. ការកំណត់ និងដាក់ចេញនូវទិសដៅការងារបន្ត។

ក្នុងឱកាសនោះ លោកស៊ុន ចាន់ថុល បានរំលឹកអំពីផ្លែផ្កានៃកម្មវិធី  “Open Day with DPM” លើកទី១ ដែលទើបតែបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅថ្មីៗ។

តាមរយៈជំនួបផ្ទាល់ជាមួយថ្នាក់ដឹកនាំ នៃក្រុមហ៊ុនចំនួន ២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្ដាប់ដោយយកចិត្តទុកដាក់នូវរាល់កង្វល់ បញ្ហាប្រឈម និងតម្រូវការជាក់ស្តែង ហើយបានប្តេជ្ញានាំយកនូវរាល់បញ្ហាទាំងនោះទៅពិភាក្សា និងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ជាថ្មីអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដើម្បីធានាបាននូវបរិយាកាសធុរកិច្ចប្រកប​ដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។

ក្នុងស្មារតីនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពស្តែងឱ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជា ក្នុងក្របខ័ណ្ឌតំបន់ និងជាអន្តរជាតិ។

លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីលទ្ធផលវិជ្ជមានដែលទទួលបាន ពីបេសកកម្មគោះទ្វារវិនិយោគ នៅតាមបណ្តាប្រទេសនានាកន្លងមក ព្រមទាំងបានគូសបញ្ជាក់អំពីផែនការ ក្នុងការដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញបេសកកម្ម គោះទ្វារទាក់ទាញ និងជំរុញការវិនិយោគ នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងទីក្រុង Xiamen និង Shenzhen នាពេលឆាប់ៗខាងមុខ ដើម្បីបន្តកៀរគរទុនវិនិយោគបន្ថែម និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីនូវឆន្ទៈដ៏ខ្ពង់ខ្ពស់ និងមុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក. លើការជំរុញកំណែទម្រង់មុតស្រួច និងការធ្វើទំនើបកម្មស្ថាប័ន ក.អ.ក. សំដៅសម្រេចឱ្យបាននូវឧត្តមភាពប្រតិបត្តិការការងារ ជាពិសេសការបំពេញបេស​កកម្មស្នូលក្នុងការទាក់ទាញ សម្របសម្រួល និងថែទាំគាំទ្រវិនិយោគិន ឱ្យកាន់តែមានភាពរហ័ស ឆ្លើយតបចំតម្រូវការ និងមានប្រសិទ្ធភាពខ្ពស់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here