ដោយៈ និស្ស័យ
ប្រទេសចិនៈ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកា “ការបកស្រាយគោលនយោបាយឧស្សាហកម្មកម្ពុជា និងកិច្ចប្រជុំតភ្ជាប់កិច្ចសហប្រតិបត្តិការ ឧស្សាហកម្មចិន-កម្ពុជា”។
កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមប្រធានបទស្ដីពី “គោលនយោបាយវិនិយោគកម្ពុជា និងផែនការអភិវឌ្ឍច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” នៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន។
នាឱកាសនេះ លោកអគ្គលេខាធិការរង បានបកស្រាយអំពីគោលការណ៍លើកទឹកចិត្ត ក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដូចជា ការលើកទឹកចិត្តជាមូលដ្ឋាន, ការលើកទឹកចិត្តបន្ថែម, ការលើកទឹកចិត្តពិសេស, ការលើកទឹកចិត្តលើគម្រោងពង្រីក និងសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ជាដើម។
លោកលឹម វិសាល ក៏បានគូសបញ្ជាក់អំពីកាលានុវត្តភាព ដែលវិនិយោគិនចិនអាចទទួលបាន ពីការអភិវឌ្ឍរបៀងឧស្សាហកម្ម ផងដែរ គឺការទទួលបានហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែល្អប្រសើរ ជាមួយនឹងថ្លៃដឹកជញ្ជូនកាន់តែប្រកួតប្រជែង ក្នុងការពង្រីកអាជីវកម្ម ដែលស្របតាមគោលដៅរយៈពេលខ្លី “តំបន់ស្នូល ២ អមដោយខ្សែអ័ក្ស ២” នៃការអភិវឌ្ឍរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
ជាមួយគ្នានេះ លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណដល់វិនិយោគិនចិន ដែលបានវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យវិនិយោគិនចិនបន្តវិនិយោគ នៅកម្ពុជាបន្ថែមទៀត ដោយក.អ.ក. បានប្ដេជ្ញាចិត្តសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិនឱ្យបានជាអតិបរមា៕








