ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកសិក្ខាសាលារកធាតុចូល “ការកែសម្រួលប្រកាសស្តីពី សញ្ញាសម្គាល់រថយន្តធ្វើអាជីវកម្មដឹកជញ្ជូន និងការរចនាជាសកល និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន នៅក្នុងសេវាដឹកជញ្ជូនអ្នកដំណើរផ្លូវគោក និង ផ្លូវដែក”។
សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព លោកមាស ម៉ូនីកា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារសកម្មភាពជនពិការ។
លោកអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់វត្តមានសមាសភាពទាំងអស់ ដែលចូលរួមសិក្ខាសាលារកធាតុចូល តាមរយៈការប្រមូលចងក្រងមតិយោបល់ និងមតិត្រលប់ពីអ្នក ប្រើប្រាស់សេវាដឹកជញ្ជូន ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប រាប់ទាំងជនមានពិការភាព មនុស្សចាស់ជរា ស្ត្រី និងកុមារ នឹងទទួលបាននូវភាពងាយស្រួល និងសមធម៌ក្នុងការធ្វើដំណើរទូទាំងប្រទេស។ មូលដ្ឋានគន្លឹះនៃកម្មវិធីសិក្ខាសាលា គឺមានចំណុចសំខាន់ៗចំនួនពីរ ដែលត្រូវយកពិភាក្សា៖
ទី១). រៀបចំសេចក្ដីព្រាងប្រកាសស្ដីពីសញ្ញាសម្គាល់រថយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្នុងប្រទេស គឺជាការធ្វើបច្ចុប្បន្នភាពលើប្រកាស លេខ ០៣៨ សក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ឱ្យស្របតាមការរីកចម្រើននៃវិស័យដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា។
ទី២). សេចក្តីព្រាងនីតិវិធីចងក្រងមគ្គទេសក៍ ណែនាំស្តីពីបរិយាបន្នពិការភាព សម្រាប់ការដឹក ជញ្ជូនអ្នកដំណើរតាមរថភ្លើងធុនស្រាល(LRT) ដោយផ្តោតលើមូលដ្ឋានគ្រឹះ និម្មិតសញ្ញា ប្រើប្រាស់សម្រាប់ជនមានពិការភាពជាសកល និងការរំពឹងទុក។និងជនមានពិការភាព។
ឆ្លៀតក្នុងឱកាសសិក្ខាសាលានេះ លោកអនុរដ្ឋលេខាធិការ ស្នើឱ្យមន្រ្តីជំនាញ ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការគ្នឱ្យកាន់តែប្រសើរថែមទៀត ដើម្បីគាំទ្រ អភិវឌ្ឍ និងលើកកម្ពស់ដល់ជនងាយរងគ្រោះ តួយ៉ាងដូចជាមនុស្សវ័យ ចាស ស្រ្តីមានផ្ទៃពោះ កុមារ ជាពិសេសជនមានពិការភាព នៅក្នុងការប្រើប្រាស់សេវាដឹកជញ្ជូនចម្រុះតាមផ្លូវគោក និងផ្លូវដែក ហើយ ចូលរួមផ្តល់មតិយោបល់លើលិខិតបទដ្ឋានគតិយុត្ត ដែលបានស្នើឱ្យមានធាតុចូលពេលនេះ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងចូលរួមគោរពច្បាប់ទាំងអស់គ្នា៕







