ក្រុមហ៊ុន​មួយ​បង្ហាញពីផែន​ការ​របស់ក្រុមហ៊ុន ​ក្នុងការ​ចូលរួម​ជំរុញ ​ការ​ប្រើប្រាស់​យានយន្តអគ្គិសនី​នៅ​កម្ពុជា​

ដោយៈ ម៉ាណា

   ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក អូន រចនា អគ្គនាយកក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) Co., Ltd. ចូលជួបពិភាក្សាការងារ ព្រមទាំងជម្រាបជូនអំពីវឌ្ឍនភាព ប្រតិបត្តិការរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍លោកអគ្គនាយកក្រុមហ៊ុន និងសហការី ដែលបានចូលជួបពិភាក្សាការងារ និងជម្រាបជូនអំពីសមិទ្ធផលការងារ ដំណើរការប្រតិបត្តិការធុរកិច្ច និងផែនការរបស់ក្រុមហ៊ុន។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង ជាពិសេស កិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញសាមញ្ញកម្ម កិច្ចសម្រួលធុរកិច្ច និងការលើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យធុរកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាកិច្ចឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានគូសបញ្ជាក់អំពីផែនការរបស់ក្រុមហ៊ុន ក្នុងការចូលរួមជំរុញ ការប្រើប្រាស់យានយន្តអគ្គិសនី (EV) ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍថាមពលស្អាត និងថាមពលកកើតឡើងវិញ។

លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពប្រតិបត្តិការដ៏ល្អប្រសើរ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍន៍ និងបង្កើតកាលានុវត្តភាពវិនិយោគ ក្នុងវិស័យថាមពល និងឧស្សាហកម្មយានយន្តអគ្គិសនីនៅកម្ពុជា ជាពិសេស ការបង្ហាញនូវជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាល។

លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការបន្តផ្តល់កិច្ចសម្រួល និងគាំទ្រដល់ប្រតិបត្តិការធុរកិច្ច របស់វិស័យឯកជននៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here