មន្រ្តី​ក្រសួងសាធារណការ​ទស្សនកិច្ច​ស្វែងយល់​ពី​បច្ចេក​វិទ្យា​ថ្មីៗ​ និង​ពិនិត្យ​ការ​ដ្ឋាន​គម្រោង​សំណង់​គ្រប់គ្រង​ផ្លូវ​ទឹក​ទន្លេចៅបៃ​

ដោយៈ ចំណាន

   ប្រទេសចិនៈ ក្រុមមន្រ្តីក្រសួងសាធារណការ បានរៀចំដំណើរទស្សនកិច្ចស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ និងពិនិត្យការដ្ឋានគម្រោងសំណង់គ្រប់គ្រងផ្លូវទឹកទន្លេចៅបៃ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយលោកហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានដឹកនាំប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនឯកជននៅកម្ពុជា ធ្វើដំណើរទស្សនកិច្ចស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ និងចុះពិនិត្យទីតាំងការដ្ឋាន គម្រោងសំណង់គ្រប់គ្រងផ្លូវទឹក ទន្លេចៅបៃ (Chaobai River) នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ល្អៗ លើផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុនCCTEB ដែលផ្តោតលើរចនាសម្ព័ន្ធសំណង់ទ្វារទឹក ការគ្រប់គ្រងផ្លូវទឹក លំហូរទឹក ដើម្បីពង្រឹងភាពធន់ នៃច្រាំងទន្លេ ឱ្យស្របនឹងការប្រែប្រួលអាកាសធាតុ និងការថែរក្សាប្រព័ន្ធអេកូឡូស៊ីជុំវិញ តំបន់ផ្លូវទឹកឱ្យបានល្អប្រសើរ និងមានសុវត្ថិភាពខ្ពស់។

បន្ទាប់ពីបានស្ដាប់ការបង្ហាញពីអ្នកជំនាញការ និងក្រុមវិស្វករនៃក្រុមហ៊ុនCCTEB រួចមក លោកអគ្គនាយក បានសម្តែងនូវការកោតសរសើរខ្ពស់ ចំពោះភាពរីកចម្រើនឥតឈប់ឈរ នៃបច្ចេកវិទ្យាថ្មីៗនិងបច្ចេកទេសគ្រប់គ្រងផ្លូវទឹក រួមទាំងការស្តារប្រព័ន្ធអេកូឡូស៊ីទន្លេរបស់ប្រទេសចិន។

លោកបានបញ្ជាក់ថា បទពិសោធន៍ និងចំណេះដឹងបច្ចេកទេសពីគម្រោងនេះ នឹងក្លាយជាទុនដ៏ល្អសម្រាប់ការសិក្សា និងយកមកអនុវត្តក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងផ្លូវទឹក និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកនៅកម្ពុជា ឱ្យកាន់តែមានលក្ខណៈទំនើប ប្រកបដោយចីរភាពនិងបរិយាបន្ន។

គម្រោងនេះជាការវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន China Construction Third Engineering Bureau (CCTEB) ដែលជាការរួមផ្សំគ្នារវាង វិស្វកម្មសំណង់ផ្លូវទឹក និងការអភិរក្សធម្មជាតិ ដើម្បីរក្សាប្រភពទឹកស្អាត សម្រាប់បម្រើដល់ការរស់នៅ និងការងារកសិកម្ម ជាពិសេសដើរតួជាខែល ការពារគ្រោះទឹកជំនន់យ៉ាងមានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here