ដោយៈ និស្ស័យ
ភ្នំពេញៈ កម្ពុជាបានបើកសម្ភោធជាផ្លូវការ នូវពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិ លើកទី១០។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជា ភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា នៅក្នុងពិធីសម្ពោធជាផ្លូវការ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ និងពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិ លើកទី១០។
ពិធីសម្ពោធនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហែម វណ្ណឌី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន។
ពិព័រណ៍កម្ពុជាអន្តរជាតិ មានគោលបំណងជំរុញការផ្ទេរបច្ចេកវិទ្យា បង្កើតភាពជាដៃគូធុរកិច្ច និងបើកឱកាសវិនិយោគថ្មីៗ។ ពិព័រណ៍កម្ពុជាអន្តរជាតិ ដ៏មានសារៈសំខាន់នេះ គឺជាវេទិកាដ៏មានតម្លៃសម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសវិស័យសំខាន់ៗ ដូចជា គ្រឿងយន្ត សម្លៀកបំពាក់ និងវាយនភ័ណ្ឌ ប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងការបោះពុម្ព ដែលសុទ្ធតែមានតួនាទីសំខាន់ក្នុងសកម្មភាពផលិតកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ពិព័រណ៍កម្ពុជាអន្តរជាតិលើកទី១០ នៅក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា នៅមជ្ឈមណ្ឌលតាំងពិពណ៌ និងសន្និបាតកោះពេជ្រ។ ហើយពិព័រណ៍កម្ពុជាអន្តរជាតិលើកទី១០ ប្រមូលផ្តុំដោយ ក្រុមហ៊ុន និងផលិតផលជាច្រើនពីបណ្តាប្រទេសផ្សេងៗ ដោយមានក្រុមហ៊ុន និងពាណិជ្ជករជាង២០០ក្រុមហ៊ុនមកពី១៥ប្រទេស និងមានស្តង់តាំងពិព័រណ៍ប្រមាណ ៣០០ស្តង់។
ពិព័រណ៍រយៈពេល៤ថ្ងៃនេះរៀបចំឡើងដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd. សហការជាមួយក្រសួងឧស្សាហកម្ម ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងដៃគូពាក់ព័ន្ធ ដើម្បីផ្តល់នូវវេទិកាសម្រាប់បង្ហាញបច្ចេកវិទ្យាឧស្សាហកម្មថ្មីៗ ជំរុញការតភ្ជាប់ធុរកិច្ច និងគាំទ្រដល់ការធ្វើទំនើបកម្មវិស័យកម្មន្តសាលកម្ពុជា៕








