ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយរបស់ធនាគារ Deutsche បានបង្ហាញថា ទីក្រុងហុងកុងនៅតែបន្តជាប់ចំណាត់ថ្នាក់ជាទីផ្សារលំនៅឋានថ្លៃបំផុតរបស់ពិភពលោក ខណៈប្រទេសសិង្ហបុរីបានធ្លាក់ចុះពីចំណាត់ថ្នាក់ទីបីមកចំណាត់ថ្នាក់ទីបួន។
តម្លៃអាផាតមុិនជាមធ្យមនៅកណ្តាលទីក្រុងហុងកុងមានទំហំទឹកប្រាក់ចំនួន ២៧.៧៥៣ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េនៅឆ្នាំ ២០២៦ កើនឡើងពី ២៦.៧៤៩ ដុល្លារកាលពីមួយឆ្នាំមុន។
ប៉ុន្តែរបាយការណ៍ប្រចាំឆ្នាំ ដែលបានវាយតម្លៃតម្លៃ និងសូចនាករជាច្រើនទៀតនៅទូទាំងទីក្រុងចំនួន៦៩ ទូទាំងពិភពលោក បានបន្ទាបចំណាត់ថ្នាក់គុណភាពជីវិតរបស់ទីក្រុងហុងកុងមកត្រឹមចំណាត់ថ្នាក់លេខ៥៥ នៅឆ្នាំ២០២៦នេះ ពីចំណាត់ថ្នាក់លេខ៤៨កាលពីឆ្នាំមុន។
ដូចទីក្រុងញូវយ៉ក ទីក្រុងឡុងដ៍ និងទីក្រុងប៉ារីសដែរ ទីក្រុងហុងកុងនៅតែជាគោលដៅទាក់ទាញសម្រាប់បណ្តាវិនិយោគិនអន្តរជាតិ និងក្រុមអ្នកជំនាញវិជ្ជាជីវៈដែលមានប្រាក់ចំណូលខ្ពស់។
ទន្ទឹមនឹងនេះ តម្លៃអាផាតមិនជាមធ្យមនៅកណ្តាលទីក្រុងរបស់ប្រទេសសិង្ហបុរីមានតម្លៃ ២២,៩៣៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះពី ២៣,៥៩៥ ដុល្លារក្នុងឆ្នាំ ២០២៥។
ទីក្រុងសេអ៊ូលបានឡើងមួយចំណាត់ថ្នាក់ដល់លេខបី ដោយវ៉ាដាច់ប្រទេសសិង្ហបុរី ដោយមានតម្លៃជាមធ្យម ២៣,៥៤៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទីក្រុង Zurich របស់ប្រទេសស្វីស ឈរនៅលេខរៀងទី២ និងទីក្រុងហ្សឺណែវ ឈរនៅលេខ ៥៕









