ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវ ប៉ែន មុនីមករា តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី “បញ្ញាសិប្បនិម្មិតប្រកបដោយមនុស្សធម៌ និងអរិយធម៌សម្រាប់កម្ពុជា”។
លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលា ស្តីពី “បញ្ញាសិប្បនិម្មិតប្រកបដោយមនុស្សធម៌ និងអរិយធម៌សម្រាប់កម្ពុជា” ដែលរៀបចំឡើងនៅទីស្ដីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមានការចូលរួម ពីតំណាងអង្គការយូណេស្កូ សកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងស្ថាប័នរដ្ឋ និងឯកជន និងនិស្សិតជាច្រើននាក់។
ក្នុងឱកាសនេះ លោកជំទាវបានលើកឡើងពីសារៈសំខាន់ នៃបញ្ញាសិប្បនិម្មិត(AI) ព្រមទាំងបានបញ្ជាក់ អំពីបញ្ហាប្រឈមបច្ចុប្បន្ន ក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ។
លោកជំទាវក៏បានលើកឡើងថា “ការអភិវឌ្ឍ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវតែផ្អែកលើគ្រឹះនៃក្រមសីលធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្ស និងការគោរពអត្តសញ្ញាណវប្បធម៌ជាតិ ដើម្បីធានាថា បច្ចេកវិទ្យានេះ អាចចូលរួមលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ និងបង្កើនភាពត្រឹមត្រូវនៃការបង្ហាញអត្តសញ្ញាណជាតិ”។
ជាមួយគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងបន្តគាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក៏ដូចជាបន្តចូលរួមកិច្ចការនាៗដែលពាក់ព័ន្ធ នឹងការបង្កើតគោលនយោបាយគ្រប់គ្រងAI ដើម្បីធានាឱ្យបានថា បញ្ញាសិប្បនិម្មិតជាឧបករណ៍សម្រាប់បម្រើមនុស្សជាតិ។ ការអភិវឌ្ឍAI ត្រូវតែប្រកបដោយសីលធម៌ មនុស្សធម៌ និងអារ្យធម៌ ដោយមិនត្រឹមតែបម្រើដល់សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យបានរឹងមាំ និងប្រកបដោយចីរភាព៕








