ក្រសួងទេសចរណ៍​លើកទឹកចិត្ត​មគ្គុទ្ទេសក៍ទេសចរណ៍​ជំនាន់​ថ្មី ​ប្រកាន់​ខ្ជាប់​សីលធម៌​ និង​វិជ្ជាជីវៈ

ដោយៈ ម៉ាណា

    សៀមរាបៈ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប លើកទឹកចិត្តមគ្គុទ្ទេសក៍ទេសចរណ៍ជំនាន់ថ្មី ប្រកាន់ខ្ជាប់សីលធម៌ និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទេសចរណ៍ជាតិ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល មគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ នៅសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានចាត់ទុកមគ្គុទ្ទេសក៍ទេសចរណ៍ថាជា “កម្លាំងស្នូល” ដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានក្រើនរំលឹកឱ្យមគ្គុទ្ទេសក៍ ទាំងអស់ត្រូវប្រកាន់ខ្ជាប់ នូវភាពស្មោះត្រង់ ឥរិយាបថថ្លៃថ្នូរ និងសីលធម៌វិជ្ជាជីវៈខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ង៉ូវ សេងកាក់បញ្ជាក់ថា “មគ្គុទ្ទេសក៍ទេសចរណ៍មិនត្រឹមតែជាអ្នកបម្រើភ្ញៀវប៉ុណ្ណោះទេ ប៉ុន្តែគឺជាតួអង្គសំខាន់ក្នុងការរក្សា និងលើកតម្កើងតម្លៃមរតកជាតិ”។ លោកសង្កត់ធ្ងន់ថា “មគ្គុទ្ទេសក៍ដែលមានចំណេះដឹងជ្រៅជ្រះ អាចធ្វើឱ្យភ្ញៀវទេសចរ យល់ដឹងកាន់តែច្បា​ស់ពីប្រវត្តិសាស្ត្រ ទស្សនវិជ្ជា និងព្រលឹងវប្បធម៌ខ្មែរ”។

លោកបន្តថា ប្អូនៗជាអ្នកថែរក្សា និងផ្សព្វផ្សាយអំពីតម្លៃបេតិ​កភណ្ឌជាតិ។ លោកបានជំរុញឱ្យសិក្ខាកាមទាំងអស់ បន្តរៀនសូត្រជាប្រចាំ ផ្តល់សេវាកម្មដោយបេះដូង និងចូលរួមថែរក្សាបរិស្ថាន ក៏ដូចជាសណ្ដាប់ធ្នាប់នៅតាមគោលដៅទេសចរណ៍។

ក្នុងឱកាសនោះដែរ លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារមគ្គុទ្ទេសក៍  “ភាសាកម្រ” ដែលបច្ចុប្បន្នមានតម្រូវការខ្ពស់ ខណៈមគ្គុទ្ទេសក៍ ដែលមានស្រាប់មួយចំនួនមានវ័យចំណាស់ និងជួបបញ្ហាសុខភាព។

លោកបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើការសិក្សាមួយវគ្គពេញ និងការចុះកម្មសិក្សា ស្តាប់ការណែនាំរបស់គ្រូបង្រៀន បង្កើតទំនាក់ទំនងល្អ និងគោរពវិន័យសិក្សា។ ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថថ្លៃថ្នូរ ភាពស្មោះត្រង់ និងសីលធម៌ខ្ពស់ និងចូលរួមទប់ស្កាត់ នូវរាល់ព័ត៌មានក្លែងក្លាយ និងមិនត្រូវផ្សព្វផ្សាយបន្ត ត្រូវជំរុញការផ្សព្វផ្សាយព័ត៌មាន ដែលមានប្រយោជន៍ដល់សង្គមជាតិ និងចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត។ ជាពិសេសការផ្សព្វផ្សាយនៅក្នុងរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ខែ ដោយមានសិក្ខាកាមចំនួន ៦១រូប ដែលបានប្រឡងជាប់ជាស្ថាពរ កាលពីខែឧសភា កន្លងទៅ ក្នុងចំណោមបេក្ខជនសរុប១០៧រូប លើភាសាកម្រចំនួន៩ រួមមាន៖ ភាសាចិន ជប៉ុន បារាំង រុស្សី អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី វៀតណាម និងម៉ាឡេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here