ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំទាក់ទងការបន្តជម្រុញ និងអភិវឌ្ឍន៍័៍ផ្សារមូលបត្រកម្ពុជា។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា (ផមក) បានដឹកនាំកិច្ចប្រជុំលើកទី២៨ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក ដោយមានការអញ្ជើញចូលរួមពី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក សមាជិកក្រុមប្រឹក្សាភិបាល មន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃ ផមក មួយចំនួន។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ អង្គប្រជុំ បានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលរួមមាន៖ ១. ការពិនិត្យពិភាក្សាលើជម្រើសប្រភពទុនរបស់ ផមក ២.ផ្សេងៗ។
នៅក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតសភាចារ្យ បានលើកអំពីកម្មវត្ថុសំខាន់គឺ ការបន្តជំរុញ និងអភិវឌ្ឍផ្សារមូលបត្រកម្ពុជា ដោយការខិតខំបន្តដោះស្រាយនូវបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង រួមទាំងការគិតគូរអំពីយន្តការផ្សេងៗ ក្នុងទិសដៅអភិវឌ្ឍទីផ្សារមូលបត្រ កម្ពុជា ឱ្យមានការរីកចម្រើនក្នុងពេលអនាគត ឆ្លើយតបបានទាន់សភាពការណ៍ ទៅនឹងដំណើរការរីកលូតលាស់នៃសង្គម -សេដ្ឋកិច្ចជាតិ។
លោកហុង សុហួរប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផ្សាមូលបត្រកម្ពុជា បានលើឡើងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចំនួន២៨ កំពុងបោះផ្សាយលក់មូលបត្រ និងប័ណ្ណបំណុល ស្របពេលទំហំនៃការជួញដូរបានកើនឡើងខ្ពស់ ដែលយើងរំពឹងថា នឹងអាចសម្រេចបានទំហំទឹកប្រាក់១០០០លានដុល្លារនៅដំណាច់ឆ្នាំ២០២៦នេះ៕








