ក្រសួងពាណិជ្ជកម្ម​ចុះ​ MOU ជាមួយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្អុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា។

ពិធីនេះមានការចូលរូមពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាជាមួយលោក Daren TANG អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) អំពីការពង្រឹងកិច្ចសហប្រតិ​បត្តិការក្នុងការអភិវឌ្ឍកម្មសិទ្ធិបញ្ញារបស់កម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដែលផ្អែកលើនវានុវត្តន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវរដ្ឋមន្ត្រី បានសម្តែងអំណរគុណចំពោះ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក សម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងជំនួយបច្ចេកទេស ក្នុងការគាំទ្រការអភិវឌ្ឍកម្មសិទ្ធិបញ្ញានៅកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី​​ ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពសំខាន់ៗ ដែលសម្រេ​ចបានតាមរយៈការគាំទ្ររបស់WIPO ក្នុងការពង្រឹងការងាររដ្ឋបាលរបស់កម្មសិទ្ធិបញ្ញា ការជំរុញការធ្វើបរិវត្តកម្មឌីជីថល ការលើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាព ការគាំទ្រសហគ្រាសធុនតូច និងមធ្យមតាមរយៈគំនិតផ្តួចផ្តើមកម្មសិទ្ធិបញ្ញា។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពី គម្រោងបច្ចេកវិទ្យាសមស្រប​​​ និងគម្រោងកម្មសិទ្ធិបញ្ញា សម្រាប់កសាងកេរ្តិឈ្មោះម៉ាក ​ដើម្បីទាក់ទាញទេសចរណ៍ ដែលបានអនុវត្តនៅកម្ពុជា ប្រកបដោយជោគជ័យ ព្រមទាំងបានគូសបញ្ជាក់សារជាថ្មី ពីការប្តេជ្ញារួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងធានាឱ្យកម្មសិទ្ធិបញ្ញាបន្តដើរតួនាទីជាកម្លាំងជំរុញនវានុវត្តន៍ សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here