រដ្ឋមន្រ្តីពាណិជ្ជកម្ម​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា ​សាធារណរដ្ឋកូរ៉េ

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត គីម យ៉ុងស៊ុន (Kim Yong Sun) រដ្ឋមន្ត្រីក្រសួងកម្មសិទ្ធិបញ្ញា នៃសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា–សាធារណរដ្ឋកូរ៉េ លើវិស័យកម្មសិទ្ធិបញ្ញា។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះ លោក​រដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែង​តាំងជារដ្ឋមន្ត្រីដំបូងនៃក្រសួងកម្មសិទ្ធិបញ្ញា និងបានថ្លែងអំណរគុណចំពោះភាពជាដៃគូដ៏រឹងមាំ និងការគាំទ្រផ្នែកបច្ចេកទេស ជាបន្តបន្ទាប់ពីសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញ នូវវឌ្ឍនភាពវិជ្ជមាននៃការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា និងផែនការការងារឆ្នាំ២០២៥–២០២៧ ជាពិសេសលើវិស័យការអភិវឌ្ឍផ្នែកច្បាប់ និងស្ថាប័ន ការកសាងសមត្ថភាព ការធ្វើបរិវត្តកម្មឌីជីថល ការគ្រប់គ្រងម៉ាក ការការពារកម្មសិទ្ធិបញ្ញា និងការអប់រំផ្នែកនវានុវត្តន៍។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ាន–សាធារណរដ្ឋកូរ៉េ និងបានស្វាគមន៍ ក្នុងការបន្តកិច្ចសហការអនុវត្តគំនិតផ្តួចផ្តើមនានារបស់អាស៊ាន លើវិស័យកម្មសិទ្ធិបញ្ញានាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here