ដោយៈ ម៉ាល័យ
ភ្នំពេញៈ រដ្ឋមន្រ្តីទេសចរណ៍បានចាត់ទុក ជាមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍World Universal Pageants 2026។
លោកបានហៅវាជាព្រឹត្តិការណ៍ដ៏មានតម្លៃ ក្នុងការបង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌ អរិយធម៌ បេតិកភណ្ឌ និងវិស័យទេសចរណ៍របស់កម្ពុជា ព្រមទាំងពង្រឹងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជាតិនានាជុំវិញពិភពលោក។
បន្ទាប់ពីដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម “ភ្នំគូលែន” ឆ្នាំ២០២៦–២០២៨ រួចមក លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឆ្លៀតជួបសំណេះសំណាល និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ក្រុមបវរកញ្ញាអន្តរជាតិ World Universal Pageants 2026 ដែលកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍អន្តរជាតិនេះ ដែលជាឱកាសដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ទៅកាន់ពិភពលោក។
ការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ បានឆ្លុះបញ្ចាំងពីការរួមចំណែកទាក់ទាញភ្ញៀវទេសចរ ជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជាតិ និងពង្រឹងការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា ជាគោលដទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ៕










