មូល​ដ្ឋាន​ SMEs ថ្មី​ជាង​៧០០​ទីតាំង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រយៈ​ពេល​៥ខែ​ដើម​ឆ្នាំ​នេះ​

ដោយៈ ម៉ាណា

    ភ្នំពេញៈ របាយការណ៍បានបង្ហាញថា គិតត្រឹម៥ខែដើម ឆ្នាំ២០២៦នេះ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SMEs) កើតថ្មី ដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍មានចំនួន៧៣៨មូល​ដ្ឋាន ដោយបានកើនឡើងប្រមាណ ៤០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។

កំណើននេះ ស្របពេលទំនិញថៃសំខាន់ៗ ជាពិសេសប្រភេទចំណីអាហារ និងភេសជ្ជៈ ដែលធ្លាប់នាំចូលមកកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីពលរដ្ឋកម្ពុជា ធ្វើពហិការឈប់ប្រើទំនិញថៃ និងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះថា សហគ្រាសធុនតូច និងមធ្យមដែលបានមកចុះបញ្ជី កើនឡើងច្រើនជាងគេ គឺប្រភេទសហគ្រាសផលិតចំណីអាហារ និងភេសជ្ជៈ ដែលមានរហូតដល់៣៩៩មូលដ្ឋាន, ប្រភទទី២ គឺឧស្សាហកម្មគីមី កៅស៊ូ និងប្លាស្ទិក មានចំនួន១៦០មូលដ្ឋាន,ទី៣ ប្រភេទឧស្សាហកម្មតម្បាញ់ កាត់ដេរ កាបូប និងស្បែកជើង មានចំនួន៦៥មូលដ្ឋាន។

ទី៤ ផ្នែកឧស្សាហកម្មកែច្នៃលោកហៈ ដែលមានចំនួន៣៣មូលដ្ឋាន និងទី៥ ប្រភេទឧស្សាហកម្មផលិតពីរ៉ែ មិនមែនលោហៈដែលមានចំនួន២០មូលដ្ឋាន។

លោកបានបញ្ជាក់បន្ថែម សម្រាប់ផលិតផល ជាពិសេសម្ហូបអាហា​រ និងភេសជ្ជៈ គឺយើងឃើញថាកម្ពុជារបស់យើង ផលិតបានច្រើន ហើយបណ្តារោងចក្រ សហគ្រាស បានកើតឡើងជាបន្តបន្ទាប់ច្រើន បើធៀប នឹងបណ្តារោងចក្រសហគ្រាសដទៃទៀត ដែលផលិតផលិត​ផលផ្សេង។

ក្នុងនោះផលិតផលមួយចំនួន ផ្នែកម្ហូបអាហា​រ និងភេសជ្ជៈ បានបង្កើនការផលិត ដែលអាចជំនួសការនាំចូលបាន រហូតដល់១០០% ហើយមួយចំនួនទៀត ចន្លោះពី៤០%ទៅ៦០ភាគរយ”។

លោកបានបន្ថែមថា ស្របពេលដែលពលរដ្ឋកម្ពុជា ពហិការឈប់ប្រើទំនិញថៃ និងងាកមកប្រើប្រាស់ផលិតផលខ្មែរ បានធ្វើឱ្យអ្នកផលិតក្នុងស្រុក ចាប់ផ្តើមពង្រីក និងពង្រឹងនូវសង្វាក់ផលិតកម្មរបស់ខ្លួនស្របតាមស្តង់ដារគុណភាព និងការបង្កើតរោងចក្រ សហគ្រាសថ្មីៗ ដើម្បីផលិតផលិតផល ជំនួសទំនិញនាំចូល។

ដោយឡែកការលក់វិញ ចាប់តាំងពីកើតមានសង្រ្គាមព្រំដែន រហូតមកដល់បច្ចុប្បន្ននេះ ការលក់របស់សហគ្រាសធុនតូច និងមធ្យម មានកំណើនខ្ពស់ រហូតដល់៤០%ទៅ៤៥% បើធៀបនឹងមុនពេលកើតមានសង្រ្គាមព្រំដែនកម្ពុជា-ថៃ។

លោក ហេង សុគង់ បន្តអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមបន្តគាំទ្រផលិតផលខ្មែរឱ្យកាន់តែច្រើនថែមទៀត ក្រោមពាក្យស្លោ “ប្រើប្រាស់ផលិតផលខ្មែរ គឺស្នេហាជាតិ

LEAVE A REPLY

Please enter your comment!
Please enter your name here