ដោយៈ ចំណាន
ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបើកកិច្ចពិភាក្សាជាមួយសមភាគីអាមេរិក លើកិច្ចសហប្រតិបត្តិការ និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រសួងរតនាគារសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី Katherine Diop អនុប្រធានបេសកកម្មស្តីទី នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ និងលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល និងលោក Robert Kaproth បានផ្លាស់ប្តូរទស្សនាទាន លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការវិវត្តនៃស្ថានភាពសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ និងវឌ្ឍនភាពនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ។
លោកជំទាវទេសាភិបាលបានជម្រាបជូន អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា កត្តាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មទីផ្សារនាំចេញ ការទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងការរក្សាបានភាពធន់នៃវិស័យហិរញ្ញវត្ថុ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច។
ក្នុងឱកាសនេះដែរ លោក Robert Kaproth និងលោកជំទាវទេសាភិបាលក៏បានពិភាក្សា អំពីនិន្នាការនៃការអភិវឌ្ឍទ្រព្យសកម្មឌីជីថល និងការវិវត្តនៃក្របខណ្ឌបទប្បញ្ញត្តិអន្តរជាតិ ព្រមទាំងគូសបញ្ជាក់ពីសារៈសំខាន់ នៃការរក្សាតុល្យភាព រវាងការលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការធានាបាននូវស្ថិរភាព នៃប្រព័ន្ធហិរញ្ញវត្ថុផងដែរ។
កិច្ចពិភាក្សាក៏បានបញ្ជាក់ពីសារៈសំខាន់ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានា និងការរក្សាកិច្ចសន្ទនា ប្រកបដោយស្ថាបនា ដើម្បីរួមចំណែកគាំទ្រ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕








