រដ្ឋាភិបាលជំរុញវិស័យទេសចរណ៍ក្នុងក្របខ័ណ្ឌវិស័យអប់រំ

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការសហការជំរុញវិស័យទេសចរណ៍ ក្នុងក្របខ័ណ្ឌវិស័យអប់រំ។

ព័ត៌មាននេះត្រូវបានបង្ហាញក្នុងឱកាស លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងសហព័ន្ធសេវាអប់រំនៅកម្ពុជា ដោយមានឯកឧត្តម កាទើ មហាំម៉ាត់ ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ជាហត្ថលេខីលើអនុស្សរណៈនៃការយោគយល់ ស្តីពីការសហការជំរុញវិស័យទេសចរណ៍ក្នុងក្របខ័ណ្ឌវិស័យអប់រំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារដ៏មានសារៈសំខាន់ និងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលផ្សារភ្ជាប់វិស័យទេសចរណ៍ និងវិស័យអប់រំដែលបង្ហាញអំពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការបណ្ដុះបណ្ដាលមូលធនមនុស្ស ប្រកបដោយគុណភាព ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ លោករដ្ឋមន្ត្រី ជឿជាក់ថាកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ នឹងជំរុញការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)ចាប់ពីខែឧសភា ដល់ខែតុលា ដែលជំនួសឱ្យពាក្យ “រដូវកាលភ្ញៀវតិច”។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបំប្លែងមកជារដូវកាលបៃតង “Green Season” មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រដ៏មុតស្រួចរបស់ក្រសួងទេសចរណ៍ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរពេញមួយឆ្នាំ ដោយសារតែរដូវកាលនេះ គឺជារដូវកាលដែលកម្ពុជាបញ្ចេញនូវសម្រស់ដ៏ពិសេសរបស់ខ្លួន ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ អេកូទេសចរណ៍ និងការលំហែកាយដើម្បីសុខុមាលភាព។

លោកបញ្ជាក់អំពីយុទ្ធនាការ“ទស្សនាកម្ពុជានៅរដូវកាលបៃ​តង” មានចក្ខុវិស័យសំខាន់ៗ ចំនួន ៣៖ គឺ ទី១). ការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ទី២). ជំរុញចលនាទេសចរណ៍ក្នុងស្រុក និង ទី៣) ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែ​​មចរន្តទេសចរក្នុងរដូវកាលបៃតង សំដៅជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination)។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ និងវិស័យអប់រំ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធបំផុត និងអាចបំពេញឱ្យគ្នាទៅវិញទៅមក។ ក្នុងន័យនេះ អនុស្សរណៈនៃការយោគយល់គ្នានេះ មិនត្រឹមតែជាឯកសារផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃទស្សនវិស័យរួម និងឆន្ទៈរួម ក្នុងការអនុវត្តការងារដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវិស័យអប់រំ ឱ្យឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាគំរូនៃកិច្ចសហការ ដែលនឹងផ្តល់អត្ថប្រយោជន៍ ជាក់ស្តែងដល់វិស័យទេសចរណ៍ និងសង្គមជាតិទាំងមូល។

អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍ និងសហព័ន្ធសេវាអប់រំនៅកម្ពុជាបន្ថែមមួយកម្រិតទៀត ក្រោមស្មារតី រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដោយឈរលើគោលការណ៍បុរេសកម្ម សកម្ម និងអន្តរសកម្ម ដើម្បីចូលរួមជំរុញកំណើនទេសចរណ៍ផ្ទៃក្នុង និងទាក់ទាញភ្ញៀវទេស​ចរអន្តរជាតិមកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here