ដោយៈ ម៉ាល័យ
ប្រទេសចិនៈ ប្រធានក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ទីក្រុងសានយ៉ា (Sanya Tourism Board) នឹងដឹកនាំសមាជិកជាសហគ្រាសទេសចរណ៍ធំៗ មកធ្វើទស្សនកិច្ចស្វែងយល់ (FAM Trip) នៅកម្ពុជា និងការលើកលែងទិដ្ឋាការជូនប្រជាជនចិន នាខែមិថុនាខាងមុខ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ជាមួយលោក Zhang Hao ជាប្រធានក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ទីក្រុងសានយ៉ា និងលោក-លោកស្រីជាប្រធានសហគ្រាសទេសចរណ៍ធំៗ និងសហព័ន្ធពីផ្នែកផ្សេងៗ ក្នុងវិស័យទេសចរណ៍ជាច្រើនរូប ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងក្រុងសានយ៉ា ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព នៅទីក្រុងសានយ៉ា ខេត្តហៃណាន។
ក្នុងជំនួបពិភាក្សាជាក់ស្តែង និងស៊ីជំរៅលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិទេសចរណ៍ លោកប្រធាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់លោករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន មកកាន់ទីក្រុងសានយ៉ា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងពេញនិយមរបស់ភ្ញៀវទេសចរចិន ព្រមទាំងការលើកលែងទិដ្ឋាការជូនភ្ញៀវចិននាខែមិថុនាខាងមុខ។
តាមរយៈជំនួបប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងទីក្រុងសានយ៉ា ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព តាមរយៈការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រួមគ្នា និងការពង្រឹងទំនាក់ទំនងរវាងវិស័យឯកជននៃភាគីទាំងពីរ។
ជាក់ស្តែង ភាគីទំាងពីរ ឯកភាពសហការរៀបចំកម្មវិធី FAM Trip សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មានចិន និង Influencers ល្បីៗ ប្រចាំក្រុង មកទស្សនាស្វែងយល់ពីគោលដៅទេសចរណ៍កម្ពុជា និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងទាក់ទាញភ្ញៀវទេសចរជាច្រើនបន្ថែមទៀត នាពេលខាងមុខ។
បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងទៀងទាត់រវាងទីក្រុងសានយ៉ា និងគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ អ្នកធ្វើដំណើរជាតិ និងអន្តរជាតិ ព្រមទាំងពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីសានយ៉ា ជួយផ្សព្វផ្សាយគោលនយោបាយ លើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនឱ្យបានទូលំទូលាយ តាមបណ្តាញផ្លូវការរបស់ខ្លួន។
ទីក្រុងសានយ៉ាន គឺជាទីក្រុងទេសចរណ៍ដ៏សំខាន់មួយ របស់ខេត្តហៃណាន ដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយក៏ជាគោលដៅទេសចរណ៍ល្បីល្បាញរបស់ប្រទេសចិន និងតំបន់អាស៊ីផងដែរ៕









