ក្រសួងពិគ្រោះយោបល់លើការបង្កើតឧបករណ៍វាយតម្លៃកម្រិតសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជុន វ៉ាត បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោ​បល់ស្តីពី “ការបង្កើតឧបករណ៍វាយតម្លៃកម្រិតសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន”។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សា លើឧបករណ៍វាស់ស្ទង់សមត្ថភាពអ.ឌ.ប.ព. ដែលបានរៀបចំឡើងដោយក្រុមការងារ ក.ប.ទ. និងទីប្រឹក្សាបច្ចេកទេសរបស់អង្គការយូណេស្កូ (UNESCO) ក្នុងគោលបំណងសំខាន់ៗចំនួន៣ គឺ៖ ១).ស្វែងរកការគាំទ្រ និងឯកភាពរួមគ្នារវាងក្រសួងជំនាញពាក់ព័ន្ធ លើការបង្កើតឧបករណ៍វាស់ស្ទង់សមត្ថភាពនេះ ២).ប្រមូលអនុសាសន៍ និងធាតុចូលពីអ្នកជំនាញលើវិធីសាស្ត្ររៀបចំ កម្រងសំណួរ និងរូបមន្តដាក់ពិន្ទុ និង៣).ស្វែងរកការគាំទ្រយូរអង្វែង ដើម្បីប្រែក្លាយឧបករណ៍វាស់ស្ទង់សមត្ថភាពនេះជាថ្នាលឌីជីថល សម្រាប់បម្រើតម្រូវការវាស់ស្ទង់ និងចេញលិខិតបញ្ជាក់កម្រិតសមត្ថភាព អ.ឌ.ប.ព. ជូនអ្នកប្រើប្រាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ​បានបញ្ជាក់ថា ឧបករណ៍វាស់ស្ទង់សមត្ថភាពនេះ ជាជំហានដ៏សំខាន់ ក្រោយការដាក់ចេញ “ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព.” កាលពីខែមីនា ឆ្នាំ២០២៤ ដើម្បីជួយដល់ស្ថាប័ននិងបុគ្គល ក្នុងការវាស់ស្ទង់សមត្ថភាពជាក់លាក់ និងស្វែងរកការបណ្តុះបណ្តាលចំគោលដៅ។

ក្របខណ្ឌរួមនេះ នឹងប្រើជាមូលដ្ឋានគ្រឹះក្នុងការ៖ ១). រៀបចំកម្មវិធីបណ្តុះបណ្តាល សម្រាប់សិស្សនិងប្រជាពលរដ្ឋ ២). លើកកម្ពស់ការយល់ដឹង ពីប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថល ៣). ពិនិត្យនិងកែលម្អកម្មវិធីសិក្សាដែលមានស្រាប់ និង ៤). វាយតម្លៃសមត្ថភាពអក្ខរកម្ម ឌីជីថល សំដៅកសាង “ពលរដ្ឋឌីជីថល” ដែលមានសក្តានុពល និងការទទួលខុសត្រូវ ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច សង្គម និងបរិវត្តកម្មឌីជីថលនៅកម្ពុជា។

បន្ថែមលើនេះ លោករដ្ឋលេខាធិការ បានស្នើឱ្យសមាជិកអង្គសិក្ខាសាលាចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីផ្តល់ធាតុចូលសំខាន់ៗលើ៖ ១). វិធីសាស្រ្តវាស់ស្ទង់ (Methodology) ២). ប្រភេទកម្រងសំណួរតាមផ្នែកនីមួយៗ (Domains Categorization) និង ៣). ចំណាត់ថ្នាក់ពិន្ទុ (Scoring Rubric) ដើម្បី​កំណត់​ស្តង់​ដា​សមត្ថភាពចាំបាច់ និងប្រែក្លាយឧបករណ៍នេះ ឱ្យទៅជាឧបករណ៍វាយតម្លៃពេញលេញ និងមានប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here