ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន ក្រុម “គ” “ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “គ” ផ្នែកឯកជនបានបើកកិច្ចប្រជុំពិភាក្សាពីឱកាស និងបញ្ហាប្រឈមមួយចំនួន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ”គ” ផ្នែកឯកជន តំណាងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា តំណាងសមាគមសម្ព័ន្ធវិនិយោគិនកម្ពុជា តំណាងសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា តំណាងសមាគមអ្នកផលិតចំណីអាហារនៅកម្ពុជា តំណាងសមាគមអគ្គិសនីជនបទ រួមនិងសមាជិក សមាជិកានៃក្រុមការងារ “គ” ជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ក៏ដូចជា បន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀត ទាក់ទងនឹងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ នាពេលឆាប់ៗខាងមុខនេះ។
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួនរួមមាន៖ ១. បញ្ហានៃការជាប់ពន្ធលើអចនលវត្ថុ ដោយគ្មានការជូនដំណឹង ២ ពន្ធលើការផ្សព្វផ្សាយលើផលិតផលខ្មែរ ៣ គុណភាព និងអនុលោមភាពស្តង់ដារផលិតផល ៤, បញ្ហានៃការទទួលបានហិរញ្ញវត្ថុចំពោះ SMEs ៥, បញ្ហានៃការស្នើសុំបើកគណនីធនាគារ សម្រាប់សហគ្រាស SMEs, ៦. បញ្ហានៃការចុះបញ្ជីការផលិតផល សម្រាប់ផលិតផលកែច្នៃរបស់រោងចក្រកែច្នៃក្នុងស្រុក រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕








