ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃក្នុងការជួញដូរនៅថ្ងៃអង្គារនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងមួយ ខណៈលោកបានបញ្ជាឱ្យយោធាផ្អាកការវាយប្រហារលើរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល៥ថ្ងៃ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ១,២៧ភាគរយ គិតត្រឹមម៉ោង១២:៥៧នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៩ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៧២ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៦៣ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,១១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,៥៦ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,១៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ២,០៨ភាគរយ៕







