ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃក្នុងការជួញដូរនៅថ្ងៃអង្គារនេះ បន្ទាប់ពីផ្សារហ៊ុន Wall Street បានស្ទុះងើបឡើងវិញ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា ជម្លោះជាមួយអ៊ីរ៉ង់អាចនឹងឈានជិតដល់ទីបញ្ចប់ហើយ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ៣,១ភាគរយ គិតត្រឹមម៉ោង១:២៧នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ២,៦៣ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ២,២៥ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៨៣ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ១,១៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,៤៧ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ១,០៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ៥,៤៨ភាគរយ៕







