ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ ខណៈបណ្តាថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសចិនបានបញ្ចប់កិច្ចប្រជុំផែនការសេដ្ឋកិច្ចប្រចាំឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយបញ្ជាក់ពីការត្រៀមដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៦ខាងមុខ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,៩៨ភាគរយ គិតត្រឹមម៉ោង១២:៥០នាទី។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,១៦ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ១,៩១ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៧ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៥៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,៣១ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ១,២៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,០៥ភាគរយ៕







