ដោយៈ ម៉ាណា
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជាបានរៀបចំ វគ្គបណ្ដុះបណ្ដាល ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ ក្រោមប្រធានបទ “សុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងគុណភាព”។
វគ្គបណ្តុះបណ្តាលនេះ រួមសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានរៀបចំវគ្គបណ្ដុះបណ្ដាល ដែលផ្ដោតលើការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញស្ដីពី “សុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងគុណភាព” ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
វគ្គបណ្ដុះបណ្ដាលខាងលើនេះ រៀបចំឡើង មានរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងរាជធានីភ្នំពេញ ចូលរួមចំនួនពីរក្រុមផ្សេងគ្នាសរុបប្រមាណ៥០នាក់។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ដើម្បីធ្វើការគាំទ្រគោលដៅរបស់កម្មវិធីASPIRE-AT ក្នុងកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការធ្វើធុរកិច្ច ដែលផ្តោតលើការបណ្ដុះបណ្ដាលចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងគុណភាពតាមស្ដង់ដារសម្រាប់អាជីវកម្ម ឱ្យបានត្រឹមត្រូវក៏ដូចជាការលើកកម្ពស់ពាណិជ្ជកម្មកសិកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕








