ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃអង្គារនេះ ដោយសារក្តីបារម្ភអំពីការផ្គត់ផ្គង់លើសពីតម្រូវការនៅឆ្នាំក្រោយ មានទម្ងន់ជាងក្តីបារម្ភថា ការនាំចេញប្រេងរបស់រុស្ស៊ីនឹងបន្តស្ថិតនៅក្រោមទណ្ឌកម្ម ខណៈការចរចាដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនមិនមានលទ្ធផលច្បាស់លាស់។
ធនាគារ Deutsche Bank បានវាយតម្លៃថា ការផ្គត់ផ្គង់ប្រេងឆៅសកលនៅឆ្នាំ២០២៦ នឹងមានកម្រិតលើសពីតម្រូវការយ៉ាងហោចណាស់២លានបារ៉ែលក្នុងមួយថ្ងៃ ដោយលើកឡើងថា កំណើននៃការផ្គត់ផ្គង់នឹងមានកម្រិតខ្ពស់ជាងកំណើននៃតម្រូវការ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៧សេនមកនៅត្រឹម៦៣,២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0158 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១២សេនមកនៅត្រឹម៥៨,៧១ដុល្លារក្នុងមួយបារ៉ែល៕







