ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃក្នុងការជួញដូរនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីលោក John Williams ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ប្រចាំទីក្រុងញូវយ៉ក លើកឡើងថា ធនាគារ Fed អាចកាត់បន្ថយអត្រាការប្រាក់ ដោយសារការធ្លាក់ចុះនៃទីផ្សារការងារបង្កការគំរាមកំហែងដល់សេដ្ឋកិច្ចខ្លាំងជាងអតិផរណា។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន១ភាគរយ គិតត្រឹមម៉ោង១:០០នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei និងផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានផ្អាកការជួញដូរ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៩៩ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,០៩៤ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,២១ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ១,២៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១៨ភាគរយ៕







