ដោយៈ ម៉ាណា
ភ្នំពេញៈ ពាក្យ “បច្ចេកវិទ្យាហិរញ្ញវត្ថុ” ដែលជាភាសាអង់គ្លេសហៅកាត់ថា FinTech បានមកពីអក្សរកាត់នៃពាក្យ Financial Technology ដែលក្នុងការអនុវត្តជាក់ស្តែង សំដៅដល់បច្ចេកវិទ្យាដែលជំរុញឱ្យមានដំណោះស្រាយហិរញ្ញវត្ថុ។
នៅពេលដែលទិដ្ឋភាពហិរញ្ញវត្ថុ កំពុងបន្តមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាយន្តការមួយដ៏សំខាន់ ក្នុងការជំរុញឱ្យមាននវានុវត្តន៍ ស្ថិរភាពហិរញ្ញវត្ថុ សុច្ចរិតភាពហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ទីផ្សារ និងការធានានូវការការពារវិនិយោគិន។
នៅក្នុងបរិបទនៃប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងសំខាន់ ឆ្ពោះទៅកាន់ការជំរុញសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំ។ ជាក់ស្តែង កម្ពុជាបានដាក់ចេញនូវក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថល ២០២១-២០៣៥ និងគោលនយោបាយអភវិឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ២០២៣-២០២៨។
អនុលោមស្របទៅតាមគោលនយោបាយទាំងនេះ ក៏ដូចជាការឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាសកល និងតំបន់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានសម្រេចដាក់ចេញជាផ្លូវការនូវប្រកាសស្តីពី “បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ” នៅឆ្នាំ២០២៣ ក្នុងគោលបំណងកំណត់អំពីក្របខណ្ឌគ្រប់គ្រង ការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ របស់និយ័តករពាក់ព័ន្ធ ក្រោមឱវាទ អ.ស.ហ. ក្នុងគោលដៅជំរុញការចាប់យក ការកែសម្រប និងការធ្វើនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ។
អាស្រ័យហេតុនេះ ដើម្បីអនុវត្តប្រកាសខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ អនុលោមតាមច្បាប់ជាធរមាន និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដាក់ចេញនូវគោលការណ៍ណែនាំស្តីពី “បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យមូលបត្រ” ដែលបានបើកផ្លូវក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ប្រកបដោយនិរន្តភាព និងបរិយាបន្នភាព។
នៅក្នុងវិស័យមូលបត្រ បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅដល់បរិស្ថាន សម្រាប់ឱ្យក្រុមហ៊ុនសាកល្បងនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ជាមួយអតិថិជនពិតប្រាកដ ប៉ុន្តែក្នុងលំហ (Space)និងរយៈពេលកំណត់មួយ មុននឹងធ្វើការដាក់ចេញ និងជំរុញការប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុនោះ ឱ្យបានទូលំទូលាយ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដែលស្ថិតក្រោមការគ្រប់គ្រងដោយ ន.ម.ក. តាមរយៈគោល-ការណ៍ណែនាំលេខ០០៩/២៣ ដែលបានដាក់ចេញនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។
បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងវិស័យមូលបត្រ ត្រូវបានដាក់ចេញឡើង ក្នុងគោលដៅដើម្បីបង្កើននូវប្រសិទ្ធភាព គ្រប់គ្រងហានិភ័យឱ្យកាន់តែល្អប្រសើរ បង្កើតកាលានុវត្តភាពថ្មី និងធ្វើឱ្យការរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ៕








