ដោយៈ ម៉ាណេត
ភ្នំពេញៈ គោលដៅសំខាន់មួយនៃការបង្កើតផ្សារហ៊ុននៅកម្ពុជា គឺដើម្បីប្រមែប្រមូលលុយទំនេររបស់ប្រជាជនទូទៅ យកទៅឱ្យក្រុមហ៊ុនអាជីវកម្មនានាប្រើប្រាស់ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ ចរាចរណ៍កើនឡើងនៃលុយទាំងនេះ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកើនឡើង។
នេះជាសារប្រយោជន៍មួយសម្រាប់ម៉ាក្រូសេដ្ឋកិច្ច។ ប្រសិនបើយើងនិយាយមួយបែបផ្សេងសម្រាប់ប្រជាជនម្នាក់ៗជាវិនិយោគិនវិញ ការបងើ្កតផ្សារហ៊ុនគឺផ្តល់ឱ្យពួកគាត់នូវឱកាសយកលុយទំនេររបស់ខ្លួន (សល់ពីការចាយវាយនិងវិនិយោគដទៃទៀត) មកចូលរួមវិនិយោគជាមួយ ក្រុមហ៊ុនអាជីវកម្មដែលចុះបញ្ជីនៅលើផ្សារហ៊ុន។
ឱកាសនិងផលប្រយោជន៍នានាសម្រាប់វិនិយោគិន៖
– ឱកាសវិនិយោគមួយបន្ថែមទៀត (ជាមួយក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុន) បន្ថែមលើការបើកអាជីវកម្មរកស៊ីខ្លួនឯង ឬចូលហ៊ុនធ្វើអាជីវកម្មជាមួយបងប្អូនឬមិត្តភ័ក្ត្រ។
– ឱកាសក្លាយជាម្ចាស់ម្នាក់នៃក្រុមហ៊ុនចុះបញ្ជី (ដែលសុទ្ធសឹងជាក្រុមហ៊ុនធំ) ដោយមិនចាំបាច់មានប្រាក់ច្រើន និងមិនចាំបាច់ចំណាយពេលវេលាច្រើន ដូចការគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួន។
– ជាប្រភពចំណូលទីពីរបន្ថែមលើប្រាក់បៀវត្សន៍ (ឬក៏ប្រាក់ចំណេញពីអាជីវកម្ម ដែលមានស្រាប់) ក្នុងទម្រង់ជាភាគលាភ ឬប្រាក់ចំណេញពីការទិញលក់ភាគហ៊ុន។
– ជាជម្រើសមួយបន្ថែមទៀត សម្រាប់ការធ្វើពិពិធកម្មសំនុំវិនិយោគ ដែលមានស្រាប់ គឺបន្ថែមលើការវិនិយោគលើវិស័យអចលនទ្រព្យ ឬការសន្សំមានកាលកំណត់នៅធនាគារជាដើម។
– មានភាពងាយស្រួលនិងរហ័ស ក្នុងការចូលវិនិយោគ (ទិញហ៊ុន) ក៏ដូចជាការដកខ្លួនចេញវិញ (លក់ហ៊ុន) នៅពេលដែលត្រូវការសាច់ប្រាក់វិញ។
– មិនមានពន្ធប្រថាប់ត្រាលើការជួញដូរហ៊ុននៅលើផ្សារហ៊ុនទេ។
– មិនមានពន្ធកាត់ទុកលើភាគលាភ ដែលទទួលដោយនិវេសនជនកម្ពុជាទេ (រួមទាំងជនបរទេសផងដែរ) ហើយមានការបន្ធូរបន្ថយ ៥០% លើពន្ធកាត់ទុក (១៤%) លើភាគលាភទទួលដោយអនិវេសនជន សម្រាប់រយៈពេលបីឆ្នាំដំបូង ដោយរាប់ចាប់ពីកាលបរិច្ឆេទប្រតិបត្តិការដំបូងរបស់ផ្សារមូលបត្រកម្ពុជា៕