ចំណេះដឹង! តើ​ផ្សារ​ហ៊ុន​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​វិនិយោគិន?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ គោលដៅ​សំខាន់​មួយ​នៃ​ការបង្កើត​ផ្សារ​ហ៊ុន​នៅ​កម្ពុជា គឺ​ដើម្បី​ប្រមែប្រមូល​លុយ​ទំនេរ​របស់​ប្រជាជន​ទូទៅ យកទៅឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​នានា​ប្រើប្រាស់ ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន។ ចរាចរណ៍​កើនឡើង​នៃ​លុយ​ទាំងនេះ នឹង​ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច​កើនឡើង។

នេះ​ជា​សារប្រយោជន៍​មួយ​សម្រាប់​ម៉ាក្រូសេដ្ឋកិច្ច។ ប្រសិនបើ​យើង​និយាយ​មួយបែប​ផ្សេង​សម្រាប់​ប្រជាជនម្នាក់ៗជា​វិនិយោគិន​វិញ កា​រប​ងើ្ក​ត​ផ្សារ​ហ៊ុន​គឺ​ផ្តល់ឱ្យ​ពួកគាត់​នូវ​ឱកាស​យកលុយ​ទំនេរ​របស់ខ្លួន (សល់​ពី​ការចាយវាយ​និង​វិនិយោគ​ដទៃទៀត) មក​ចូលរួម​វិនិយោគ​ជាមួយ ក្រុមហ៊ុន​អាជីវកម្ម​ដែល​ចុះបញ្ជី​នៅលើ​ផ្សារ​ហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឱកាស​និង​ផលប្រយោជន៍​នានា​សម្រាប់​វិនិយោគិន៖

– ឱកាស​វិនិយោគ​មួយ​បន្ថែមទៀត (ជាមួយ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន) បន្ថែម​លើ​ការបើក​អាជីវកម្ម​រកស៊ី​ខ្លួនឯង ឬ​ចូល​ហ៊ុន​ធ្វើ​អាជីវកម្ម​ជាមួយ​បងប្អូន​ឬ​មិត្ត​ភ័ក្ត្រ។

– ឱកាស​ក្លាយជា​ម្ចាស់​ម្នាក់​នៃ​ក្រុមហ៊ុន​ចុះបញ្ជី (ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុនធំ) ដោយ​មិនចាំបាច់​មាន​ប្រាក់​ច្រើន និង​មិនចាំបាច់​ចំណាយ​ពេលវេលា​ច្រើន ដូច​ការគ្រប់គ្រង​អាជីវកម្ម​ផ្ទាល់ខ្លួន។

– ជា​ប្រភព​ចំណូល​ទី​ពីរ​បន្ថែម​លើ​ប្រាក់បៀវត្ស​ន៍ (ឬក៏​ប្រាក់ចំណេញ​ពី​អាជីវកម្ម ដែលមាន​ស្រាប់) ក្នុង​ទម្រង់​ជា​ភាគលាភ ឬ​ប្រាក់ចំណេញ​ពី​ការទិញ​លក់​ភាគហ៊ុន។

– ជា​ជម្រើស​មួយ​បន្ថែមទៀត សម្រាប់​ការធ្វើ​ពិពិធ​កម្ម​សំនុំ​វិនិយោគ ដែលមាន​ស្រាប់ គឺ​បន្ថែម​លើ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ឬ​ការ​សន្សំ​មាន​កាលកំណត់​នៅ​ធនាគារ​ជាដើម។

– មាន​ភាពងាយស្រួល​និង​រហ័ស ក្នុង​ការចូល​វិនិយោគ (ទិញ​ហ៊ុន) ក៏ដូចជា​ការដកខ្លួន​ចេញ​វិញ (លក់​ហ៊ុន) នៅពេលដែល​ត្រូវការ​សាច់ប្រាក់​វិញ។

– មិនមាន​ពន្ធ​ប្រថាប់ត្រា​លើ​ការជួញដូរ​ហ៊ុន​នៅលើ​ផ្សារ​ហ៊ុន​ទេ។

– មិនមាន​ពន្ធ​កាត់​ទុក​លើ​ភាគលាភ ដែល​ទទួល​ដោយ​និវេសន​ជនកម្ពុជា​ទេ (រួមទាំង​ជនបរទេស​ផងដែរ) ហើយ​មានការ​បន្ធូរបន្ថយ ៥០% លើ​ពន្ធ​កាត់​ទុក (១៤%) លើ​ភាគលាភ​ទទួល​ដោយ​អ​និវេសន​ជន សម្រាប់​រយៈពេល​បី​ឆ្នាំ​ដំបូង ដោយ​រាប់​ចាប់ពី​កាលបរិច្ឆេទ​ប្រតិបត្តិការ​ដំបូង​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here