ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈការបិទរដ្ឋាភិបាលអាមេរិកបានធ្វើឱ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកស្ថិតក្នុងភាពមិនប្រាកដប្រជា ដែលអាចជះឥទ្ធិពលលើការសម្រេចចិត្តចំពោះគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះចំនួន០,៤៨ភាគរយ គិតត្រឹមម៉ោង១០:៥៦នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ៤,៥៣ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ២,៩២ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៦១ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 និងសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite របស់ប្រទេសចិនបានផ្អាកការជួញដូរ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,១១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានផ្អាកការជួញដូរ៕







