ដោយៈ សូរិយា
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន BYD AUTO INDUSTRY CO., LTD. ដឹកនាំដោយលោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD (Executive Director of BYD Group President’s Office) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីគោរពជម្រាប លោកឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍ការងាររបស់ក្រុមហ៊ុនBYD នៅកម្ពុជាក្នុងរយៈពេលកន្លងមក វឌ្ឍនភាពនៃការអនុវត្តការងារសាងសង់ រោងចក្រតម្លើងរថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងគម្រោងក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ រោងចក្រតម្លើងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលជួសជុលថែទាំ នាពេលឆាប់ៗខាងមុខ។
តាមរយៈជំនួបនាព្រឹកនេះ គណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ច សម្របសម្រួលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីដំណាក់កាលដំបូង នៃការចូលមកកាន់ទីផ្សារកម្ពុជា។ ដំណាក់កាលនៃការសាងសង់រោងចក្រ និងរហូតឈានដល់ការចាប់ផ្តើម ដំណើរប្រតិបត្តិការដំឡើងរថយន្តរបស់ខ្លួនផងដែរ។
បន្ថែមពីនោះ លោកនាយកប្រតិបត្តិ នៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុនBYD ក៏បានពាំនាំនូវការកត់សម្គាល់ខ្ពស់ ពីសំណាក់គណៈគ្រប់គ្រងសម្ព័ន្ធBYD ដែលមានការភ្ញាក់ផ្អើល ចំពោះល្បឿននៃការអនុវត្តការងារនៅកម្ពុជា ហើយគ្រោងនឹងយកជាករណីសិក្សា សម្រាប់ការវិនិយោគបន្តបន្ទាប់នាពេលអនាគត។
ទន្ទឹមនេះដែរ ក្រុមហ៊ុនបានសម្តែងនូវការប្តេជ្ញាចិត្ត ចូលរួមសហការជាមួយក្រុមហ៊ុនHuawei ក្នុងការរៀបចំសម្របសម្រួល លើបេសកកម្មជំរុញការវិនិយោគ នៅក្នុងវិស័យឧស្សាហកម្មយានយន្ត និងអេឡិចត្រូនិក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងទីក្រុងShenzhen សាធារណរដ្ឋប្រជាមានិតចិន នាពេលអនាគត។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយទៅកាន់គណៈប្រតិភូក្រុមហ៊ុន ចំពោះកំណើនប្រជាប្រិយភាព នៃការប្រើប្រាស់រថយន្តអគ្គិសនី BYD នៅកម្ពុជា។
លោករំពឹងថា សម្ព័ន្ធBYD នឹងពាំនាំអំពីគុណសម្បត្តិ និងចំណុចវិជ្ជមាននានា ដែលពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ផ្សព្វផ្សាយបន្តទៅកាន់ដៃគូវិនិយោគ និងសហគមធុរកិច្ចរបស់ខ្លួនផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយ របស់រាជរដ្ឋាភិបាល រីករាយនិងត្រៀមលក្ខណៈរួចរាល់ជានិច្ច ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគ របស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុតជូនដល់វិនិយោគិន៕











