ដោយៈ គង់ សូរិយា
ម៉ាឡេស៊ីៈ បណ្តាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងមន្រ្តីពាក់ព័ន្ឋរួមទាំងអ្នកសារព័ត៌មានអន្តរជាតិ មកពី៥០ប្រទេសបានចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកនៅប្រទេសម៉ាឡេស៊ី។
ភាគីកម្ពុជា ដឹកនាំដោយលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ និង វិស័យឯកជន ចូលរួមក្នុងពិធីបើកទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកDato’ Seri Haji Faadillah Bin Haji Yusof ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អាន់វ៉ា អ៊ីមប្រាហីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី អង្គការទេសចរណ៍សហប្រជាជាតិ និងរដ្ឋបាលម៉ាឡាកា។
នៅឆ្នាំនេះ ទិវាទេសចរណ៍ពិភពលោក រៀបចំឡើងក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព” ដែលទាមទាររដ្ឋសមាជិកត្រូវមានអភិបាលកិច្ចល្អ ការដាក់ចេញផែនការយុទ្ធសាស្ត្រនិងកំណត់អាទិភាពសកម្មភាពការងារច្បាស់លាស់ ឱ្យស្របតាមគោលដៅចីរភាពរយៈពេលវែង ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ដោយឈរលើគោលការណ៍ចីរភាព ភាពធន់ និងបរិយាបន្ន។
នៅក្នុងពិធីដ៏អធិកអធមនេះ មានការចូលរួមពីលោក YB Dato Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី លោកZurab Pololikashvili អគ្គលេខាធិការអង្គការទេសចរណ៍សហប្រជាជាតិ លោកYAB Datuk Seri Utama Ab Rauf Bin Yusoh, Chief Minister of Melaka, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសសមាជិកអង្គការទេសចរណ៍សហប្រជាជាតិ តំណាងឯកអគ្គរដ្ឋទូត/រាជទូតបរទេសប្រចាំម៉ាឡេស៊ី វិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ វាគ្មិនកិត្តិយសអន្តរជាតិ ប្រតិភូមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងអង្គភាពសារព័ត៌មានក្នុងស្រុក និងអន្តរជាតិមកពី៥០ប្រទេស និងមានអ្នកចូលរួមសរុបប្រមាណ១០០០នាក់៕









