ដោយៈលក្ខិណា
ភ្នំពេញៈ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ កំពុងបង្ហាញសក្ដានុពលបន្ថែមទៀតសម្រាប់ទាក់ទាញវិនិយោគិន ក្នុងការអភិវឌ្ឍលំនៅឋាន នៅពេលអនាគតឆាប់ៗខាងមុខនេះ ក្នុងពេលតម្រូវការលំនៅឋានត្រូវបានព្យាករណ៍ថា នឹងមានកំណើនថែមទៀតនៅពេលចប់វិបត្តិកូវីដ១៩ ។
លោកគឹម វិចិត្រ នាយកក្រុមហ៊ុន Great CamAsia បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា តំបន់ភាគខាងត្បូងបាន និងកំពុងទាក់ទាញក្នុងការអភិវឌ្ឍលំនៅឋាន ដ៏មានសក្ដានុពល ដោយសារតែកត្តាសំខាន់ៗមួយចំនួន ដូចជាការអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុង ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គម្រោងសាងសង់ផ្សារទំនើបអ៊ីអន៣ ដែលជាផ្សារទំនើបធំជាងគេនៅកម្ពុជា ។
លោកបន្តថា “នៅមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ វិនិយោគិននឹងចាប់ផ្ដើមបោះទុនវិនិយោគលើគម្រោងផ្សេងៗ ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅឋាន សម្រាប់ស្នាក់នៅផង និងសម្រាប់វិនិយោគរកប្រាក់ចំណេញផងដែរ” ។
ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា នៅតំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ តំបន់នោះ នឹងទទួលបានការវិនិយោគជាបន្តបន្ទាប់ ពីវិនិយោគិនក្នុងនិងក្រៅប្រទេស ។លោកបន្តថា នៅពេលមានផ្លូវ មានភ្លើង មានទឹកគ្រប់គ្រាន់ នឹងសម្រួលដល់ការរស់នៅ ការធ្វើដំណើររបស់ពលរដ្ឋពីតំបន់មួយ ទៅតំបន់មួយទៀត និងប្រើពេលខ្លី តែបើសិនជាការធ្វើដំណើរពិបាក នោះនឹងមិនអាចទាក់ទាញពលរដ្ឋ ទៅរស់នៅតំបន់នោះបានឡើយ។
លោកបន្តថា “ដោយសារតែកត្តានេះហើយ ទើបរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រីកនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ទាំងក្នុងតំបន់និងពីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានាផងដែរ ជាក់ស្ដែងបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបាន និងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន” ។
ជាមួយគ្នានេះ លោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីរៀលធីក៏បានឱ្យដឹងផងដែរថា តម្រូវការលំនៅឋាននៅពេលចប់កូវីដ១៩ នឹងមានកំណើនកាន់ច្រើន ដូច្នេះវិនិយោគិននឹងចាប់ផ្ដើមសម្លឹងមើលតំបន់ណា ដែលមានសក្ដានុលសម្រាប់ការអភិវឌ្ឍគម្រោងរបស់ខ្លួន ។
លោកបន្តថា “សម្រាប់លំនៅឋានជាប្រភេទផ្ទះជាប់ដី នឹងត្រូវអភិវឌ្ឍន៍នៅតាមជាយរាជធានី ហើយលំនៅឋានប្រភេទខុនដូ សហកម្មសិទ្ធិនឹងត្រូវអភិវឌ្ឍន៍នៅតំបន់កណ្ដាលក្រុង ឬតំបន់ដែលមានដីថ្លៃ ព្រោះគេអាចអភិវឌ្ឍន៍រកប្រាក់ចំណេញបានខ្ពស់ ដោយសារតែការចំណាយខ្ពស់ក្នុងការទិញដីសាងសង់ផងដែរ” ៕