ដោយៈ សាវុធ
ភ្នំពេញៈ ការទិញភាគហ៊ុននៃក្រុមហ៊ុនមួយ គឺមានន័យដូចនឹងការទិញក្រុមហ៊ុនមួយដូច្នោះដែរ គ្រាន់តែត្រង់នេះ វាជាការទិញក្រុមហ៊ុនមួយផ្នែក ទៅតាមសមាមាត្រណាមួយ។
ដូច្នេះការវាយតម្លៃភាគហ៊ុន គឺជាការវាយតម្លៃក្រុមហ៊ុនទាំងមូល រួចចែកនឹងចំនួនហ៊ុនសរុប ដើម្បីទទួលបានតម្លៃក្នុងមួយភាគហ៊ុន។
ការវាយតម្លៃនេះមានអត្ថប្រយោជន៍យ៉ាងខ្លាំង។ យើងមិនអាចទិញអ្វីមួយ ដោយមិនដឹងអំពីតម្លៃ និងអត្ថប្រយោជន៍របស់វានោះទេ។ បើទោះជាក្រុមហ៊ុនមួយជាក្រុមហ៊ុនល្អ រកប្រាក់ចំណេញបានច្រើនក៏ដោយ ក៏យើងមិនមែនចេះតែទិញនៅថ្លៃណាក៏បាននោះទេ។ ផ្ទុយមកវិញ បើក្រុមហ៊ុនមួយមិនសូវល្អ រកប្រាក់ចំណេញមិនសូវបាន ក៏យើងមិនគួរបដិសេធទាំងស្រុងភ្លាមមិនទិញនោះដែរ យើងគួរពិចារណាទៅថ្លៃរបស់វាសិនដែរ។
យើងអាចនិយាយថារបស់មួយថ្លៃ ឬក៏ថោក គឺដោយសារតែយើងតែងធៀបតម្លៃរបស់វាទៅនឹងថ្លៃរបស់វា។ បើយើងយល់ថារបស់មួយមានតម្លៃ និងផ្តល់ប្រយោជន៍ច្រើនជាងថ្លៃលក់របស់វា យើងថារបស់នោះថោក។
ផ្ទុយមកវិញ បើយើងយល់ថារបស់មួយមិនសូវមានតម្លៃ ផ្តល់ប្រយោជន៍ឱ្យយើងតិចតួចធៀបនឹងថ្លៃរបស់វា នោះយើងថារបស់នោះថ្លៃ។ ឧទាហរណ៍ អាវមួយថ្លៃ៥០$ អាចថ្លៃឬក៏ថោក គឺអាស្រ័យលើគុណភាពរបស់អាវនោះ និងប្រយោជន៍របស់វាដែលផ្តល់ឱ្យអ្នកពាក់។
ភាគហ៊ុនក៏ដូចគ្នាដែរ ដើម្បីដឹងថាវាថ្លៃឬក៏ថោក យើងត្រូវវាយតម្លៃវាជាមុនសិន រួចធៀបនឹងថ្លៃលក់របស់វានៅលើទីផ្សារ៕ CSX៕