ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Elon Musk អាចនឹងក្លាយទៅជាមហាសេដ្ឋីមានទឹកប្រាក់ទ្រីលានដុល្លារដំបូងគេលើពិភពលោក(Trillionaire) ប្រសិនបើក្រុមហ៊ុន Tesla សម្រេចបាននូវគោលដៅ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងប្រាក់ខែថ្មី។
បច្ចុប្បន្ន លោក Elon Musk ជាមហាសេដ្ឋី (Billionaire) ដែលមានទ្រព្យសម្បត្តិជាងគេលើពិភពលោករួចទៅហើយ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្ស Tesla បានបង្កើតកញ្ចប់ប្រាក់លើកទឹកចិត្តថ្មីដល់លោក Musk។
លោក Musk នឹងទទួលបានកញ្ចប់នេះ លុះត្រាក្រុមហ៊ុន Tesla សម្រេចបានគោលដៅមួយចំនួន ដូចជាការបង្កើនតម្លៃមូលធនបត្រទីផ្សាររបស់ខ្លួន ប្រាក់ចំណេញ ឬផលិតកម្ម។
ប្រសិនបើក្រុមហ៊ុន Tesla ទទួលបានជោគជ័យ រង្វាន់ពីកញ្ចប់ទឹកប្រាក់នេះអាចធ្វើឱ្យលោក Musk ក្លាយជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រលើពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធជាង១ទ្រីលានដុល្លារ។
យោងតាមការវាយតម្លៃដោយទស្សនាវដ្តី Forbes បានឱ្យដឹងថា លោក Musk មានទ្រព្យសម្បត្តិសុទ្ធជាង៤០០ពាន់លានដុល្លារ និងអាចហក់ឡើងបន្ថែមចំនួន៩០០ពាន់លានដុល្លារ ប្រសិនបើតម្លៃមូលធនបត្រទីផ្សាររបស់ក្រុមហ៊ុន Tesla ហក់ឡើងដល់ចំនួន៨,៥ទ្រីលានដុល្លារ បើធៀបនឹងតម្លៃបច្ចុប្បន្នចំនួន១,១ទ្រីលានដុល្លារ។
ជាមួយគ្នានេះ កាសែត The New York Times បានរាយការណ៍ថា កញ្ចប់លើកទឹកចិត្តនេះនឹងមានទំហំទឹកប្រាក់ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសាជីវកម្ម និងអាចទុកឱ្យលោក Musk កាន់កាប់ភាគហ៊ុនចំនួនជិត២៩ភាគរយរបស់ក្រុមហ៊ុន Tesla ៕ប្រភព: Vnexpress៕











