ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម

ដោយៈ ចំណាន

    ព្រះសីហនុៈ ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកសិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្តីពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(CEPA)។

អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់ អញ្ជើញតំណាងឯកឧត្តមអភិបាល ថ្លែងសុន្ទរកថា ​ស្វាគមន៍ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្តីពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្រ្តីពាក់ព័ន្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ លោកអភិបាលរង បានលើកឡើងដោយសង្ខេបអំពីស្ថានភាពទូទៅ និងសក្តានុពលរបស់ខេត្តព្រះសីហនុក្នុងការជំរុញកិច្ចការនាំចេញពីកម្ពុជា ទៅកាន់ពិភពលោក បន្ថែមពីលើសារៈសំខាន់នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA ចំពោះខេត្តព្រះសីហនុ ក្នុងការដើរតួនាទីជាច្រកទ្វារនាំទំនិញចេញចូលទី១ របស់កម្ពុជា។

សិក្ខាសាលាផ្សព្វផ្សាយលើកទី២នេះ មានការចូលរួមធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗ ជុំវិញកិច្ចព្រមព្រៀង Cambodia-UAE CEPA រួមមាន៖ វិនិយោគ ពាណិជ្ជកម្មទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មឌីជីថល វិធានដើមកំណើតទំនិញ របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម វិធានអនាម័យនិងភូតគាមអនាម័យ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស។

ចំពោះពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា- អេមីរ៉ាតអារ៉ាប់រួមក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះ មានសរុបប្រមាណ៤៧លានដុល្លារអាម៉េរិក ដោយការនាំចេញមាន៣៦លានដុល្លារអាម៉េរិក និងនាំចូលមាន១១លានដុល្លារអាម៉េរិក ដោយក្នុងនោះ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប កៅស៊ូធម្មជាតិ និងទំនិញផ្សេងៗទៀត និងនាំចូលមកវិញនូវរ៉ែប្រើជាគ្រឿងចំហេះ ផលិតផលប្លាស្ទិក ថ្នាំជក់ កៅ​ស៊ូសំយោគ និងទំនិញផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here