ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកធុរកិច្ចនៃសភាពាណិជ្ជកម្មម៉ាឡេស៊ី ចិនបានស្វែងយល់ពីកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលលោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូម៉ាឡេស៊ី ដឹកនាំដោយលោក Dato’ Tony Looiប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី-ចិន ដោយមានការចូលរួមពីឧកញ៉ា តាន់ គីម៉េង ប្រធានសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពីសក្ដានុពល និងកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា។
លោកអគ្គលេខាធិការរងមានមតិស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនាពេលនេះ។
លោកសួន សុផលក៏បានជម្រាបជូនគណៈប្រតិភូពីរគោលនយោបាយគាំទ្រ និងក្របខណ្ឌលើកទឹកចិត្ត ការថែទាំវិនិយោគស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ លោកក៏បានលើកឡើងអំពីអត្ថិភាព នៃកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ជប៉ុន, កូរ៉េ, សហរដ្ឋអាម៉េរិក និងអឺរ៉ុប ព្រមទាំងវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលជាយន្តការប្រកបដោយប្រសិទ្ធភាព ក្នុងការថែទាំវិនិយោគ បង្កើនភាពកក់ក្តៅនិងទំនុកចិត្តខ្ពស់ដល់វិនិយោគិន ក្នុងការបន្ដសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត៕











