ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីរបាយការណ៍បានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងកាលពីសប្តាហ៍មុន។ នេះជាសញ្ញាបង្ហាញពីការថយចុះនូវតម្រូវការប្រេងឥន្ធនៈ។
យោងតាមទិន្នន័យរបស់វិទ្យាស្ថានប្រេងអាមេរិក(API)បានបង្ហាញថា ស្តុកប្រេងឆៅនៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេបំផុតលើពិភពលោក បានកើនឡើងចំនួន១,៥២លានបារ៉ែលកាលពីសប្តាហ៍មុន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣សេនដល់៦៦,១៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0102 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៣សេនមកនៅត្រឹម៦៣,១៤ដុល្លារក្នុងមួយបារ៉ែល៕







