ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្តីពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។
សិក្ខាសាលានេះ មានវត្តមានចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងពីតំបន់សេដ្ឋកិច្ចពិសេស សភាពាណិជ្ជកម្មកម្ពុជា សមាគម និងវិស័យឯកជន រួមមាន៖ ពាណិជ្ជករ ធុរជន និងអ្នកនាំចេញ ជាច្រើនរូប។
ថ្លែងក្នុងសុន្ទរកថាបើក លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀង Cambodia-UAE CEPAដែលជាសមិទ្ធផលប្រវត្តិសាស្រ្ត និងឧត្តមប្រយោជន៍សម្រាប់ជាតិ បន្ទាប់ពីបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។
លោកជំទាវរដ្ឋលេខាធិការ គូសបញ្ជាក់ថា ក្នុងកម្រិតទ្វេភាគី កិច្ចព្រមព្រៀងនេះបានបន្តពង្រឹងមិត្តភាព ដែលមានស្រាប់ជាប្រពៃណីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្ម នៃពាណិជ្ជកម្មជាទំនិញ សេវា និងវិនិយោគ ក៏ដូចជាការធានាសង្គតិភាពនៃស្តង់ដារនិងអនុលោមភាព កិច្ចសម្រួលពាណិជ្ជកម្ម និងការលុបបំបាត់របាំងពាណិជ្ជកម្ម សំដៅជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ សម្រួលដល់លំហូរពាណិជ្ជកម្ម និងលើកទឹកចិត្តការវិនិយោគ។
ដោយឡែក ក្នុងកម្រិតតំបន់ កិច្ចព្រមព្រៀងនេះ អាចជួយឱ្យកម្ពុជាបន្តធ្វើពិពិធកម្មទីផ្សារនាំចេញ ទំនិញទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក ដែលមានអ្នកប្រើប្រាស់ជិត២ពាន់លាននាក់។
លោកជំទាវបន្តថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនាំចេញទំនិញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួម ជាមួយអត្រាពន្ធនាំចូលសូន្យលើមុខទំនិញសំខាន់ៗដូចជា៖ ផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់, កង់, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិច, រថយន្តអគ្គិសនី, កៅស៊ូ (Latex), អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ម្រេច, កាហ្វេ, បន្ទះខ្លឹមចន្ទន៍, បន្លែ, ផ្លែឈើ, និងអាហារកែច្នៃ។-ល-។ បន្ថែមលើនេះ កិច្ចព្រមព្រៀងនេះ ក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុនកម្ពុជាអាចផ្គត់ផ្គង់សេវាកម្មសំខាន់ៗរួមមាន៖ សេវាកម្មវិជ្ជាជីវៈនិងធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម សេវាកម្មបរិស្ថាន និងសេវាកម្មដទៃទៀតផងដែរ។
លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញពីសុទិដ្ឋិនិយមថា វិស័យឯកជនកម្ពុជា នឹងអាចចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឱ្យមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មទំនិញនិងសេវាកម្ម វិនិយោគ និងធុរកិច្ចទ្វេភាគី ដែលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល (ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការពង្រឹងភាពប្រកួតប្រជែង) ព្រមទាំងចូលរួមចំណែកគាំទ្រដល់ដំណើរការចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា នៅឆ្នាំ២០២៩ ខាងមុខ។
សិក្ខាសាលាផ្សព្វផ្សាយលើកទី២ នេះ មានការចូលរួមធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗ ជុំវិញកិច្ចព្រមព្រៀងCambodia-UAE CEPA រួមមាន៖ វិនិយោគ ពាណិជ្ជកម្មទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មឌីជីថល វិធានដើមកំណើតទំនិញ របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម វិធានអនាម័យនិងភូតគាមអនាម័យ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស។
ចំពោះពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា -អេមីរ៉ាតអារ៉ាប់រួមក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះ មានសរុបប្រមាណ៤៧លានដុល្លាអាម៉េរិក ដោយការនាំចេញមាន៣៦ លានដុល្លារអាម៉េរិក និងនាំចូលមាន១១ លានដុល្លារអាម៉េរិក ដោយក្នុងនោះ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប កៅស៊ូធម្មជាតិ និងទំនិញផ្សេងៗទៀត និងនាំចូលមកវិញនូវរ៉ែប្រើជាគ្រឿងចំហេះ ផលិតផលប្លាស្ទិក ថ្នាំជក់ កៅស៊ូសំយោគ និងទំនិញផ្សេងទៀត៕











