អ្នកធុរកិច្ចអាមេរិកស្វែងរកឱកាសវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ នៅកម្ពុជា

ដោយៈ សិរី ម៉ាលីនណា

    ភ្នំពេញៈប្រតិភូអ្នកវិនិយោគអាមេរិក បានមកស្វែងរកឱកាសវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលជាវិស័យមួយមានសក្តានុពលរីកចម្រើនបន្ថែមទៀត។

ព័ត៌មាននេះ ត្រូវបានបង្ហាញក្នុងពេលលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek និងសហការី ចូលជួបពិភាក្សាការងារ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ក្នុងគោលបំណងស្វែងរកឱកាសវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគដ៏សំខាន់មួយក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជា។

ក្នុងជំនួបនេះ លោក Pravel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group បានជម្រាបជូនពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន Salmon Group គំរូអាជីវកម្មដែលផ្តោតលើហិរញ្ញវត្ថុឌីជីថល និងសារៈសំខាន់នៃបទប្បញ្ញាត្តិ ដែលមានភាពអំណោយផល សម្រាប់ជំរុញការអភិវឌ្ឍនវានុវត្តហិរញ្ញវត្ថុថែមទៀត។

ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានស្វាគមន៍ចំពោះការចាប់អារម្មណ៍ លើសក្តានុពលវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា និងបានមានប្រសាសន៍ពីច្បាប់ស្តីពី វិនិយោគកម្ពុជា ដែលមានលក្ខណៈបើកចំហរ សម្រាប់វិនិយោគិនបរទេស ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដែលមានលក្ខណៈអំណោយផល។

លើសពីនេះ លោកជំទាវក៏បានណែនាំ និងផ្តល់អនុសាសន៍ពីជម្រើសសំខាន់ៗមួយចំនួន សម្រាប់ការចូលមកវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា លើកដំបូងឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ជាសារដ៏សំខាន់ ក្នុងការផ្តល់ទំនុកចិត្ត និងការទាក់ទាញវិនិយោគបន្ថែមទៀតមកកម្ពុជា។

លោកជំទាវជា សិរី ក៏បានលើកទឹកចិត្តឱ្យបន្តទំនាក់ទំនងជាមួយមន្រ្តីជំនាញ ដើម្បីផ្លាស់ប្តូរព័ត៌មាន សំដៅធ្វើការសម្រេចចិត្តវិនិយោគត្រឹមត្រូវ ព្រមទាំងបានជំរុញឱ្យក្រុមវិនិយោគិន ទៅទស្សនាសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ.)ផងដែរ ដើម្បីឈ្វេងយល់ពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here