ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលក្រុមអ្នកវិនិយោគបង្ហាញក្តីសង្ឃឹមថា សកម្មភាពសេដ្ឋកិច្ចនឹងមានភាពប្រសើរឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៤សេន ឬ០,៣៤ភាគរយ ដល់៧០,២៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមសកល 0000 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង២២សេនដល់៦៦,៩៣ដុល្លារក្នុងមួយបារ៉ែល។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទុកពេល១០ថ្ងៃទៅ១២ថ្ងៃសម្រាប់ប្រទេសរុស្ស៊ីដើម្បីសម្រេចបានវឌ្ឍនភាពឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។បើមិនដូច្នោះទេ ប្រទេសរុស្សុីប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកបន្ថែមទៀត។
លោក ត្រាំ បានគំរាមដាក់ទណ្ឌកម្មទាំងលើប្រទេសរុស្ស៊ី និងបណ្តាប្រទេស ដែលទិញប្រេងរបស់រុស្សុី លុះត្រាតែមានវឌ្ឍនភាព៕







