ដោយ ៖ សុខុម
ក្រុងប៉េកាំង៖ តាមការសង្កេតឃើញថា ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់ប្រធានាធិបតីជិតចប់អាណត្តិ ដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋ និងរដ្ឋាភិបាលក្រុងប៉េកាំង ក្រោមការដឹកនាំរបស់បុរសខ្លាំង ស៊ី ជីនភីង ហាក់ល្អក់កករកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

តួយ៉ាង កាលពីថ្ងៃចន្ទ ទី២១ ខែធ្នូ ប្រទេសចិន បានប្រកាសជំហរក្ដែងៗថា ខ្លួនប្រឆាំងដាច់ខាតចំពោះប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចុះហត្ថលេខាលើសេក្ដីព្រាងច្បាប់មួយ ដែលអាចនឹងធាក់បណ្ដាក្រុមហ៊ុនចិន ចេញពីទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុនទាំងនោះមិនគោរពតាមស្ដង់ដារសវនកម្ម របស់សហរដ្ឋអាមេរិក ឱ្យបានម៉ឺងម៉ាត់ទេនោះ ដោយលើកឡើងថា សេចក្ដីព្រាងច្បាប់នេះមានបទប្បញ្ញត្តិរើសអើងចំពោះបណ្ដាក្រុមហ៊ុនចិន យ៉ាងអយុត្តិធម៌។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។
លោក វ៉ាង វិនពិន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃក្នុងប៉េកាំង ថា “ច្បាស់ណាស់ថា នេះជាការបង្ក្រាបផ្នែកនយោបាយយ៉ាងអយុត្តិធម៌ មកលើបណ្ដាក្រុមហ៊ុនសហគ្រាសចិន ដែលចុះបញ្ជីនៅក្នុងសហរដ្ឋអាមេរិក”។
លោកបានបន្ថែមទៀតថា “ច្បាប់នេះនឹងធ្វើឱ្យរាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់ដំណើរការចុះបញ្ជីជាប្រក្រតីនៃបណ្ដាក្រុមហ៊ុនចិន ហើយរំលោភបំពានវិធានសេដ្ឋកិច្ចទីផ្សារជាមូលដ្ឋាន ដែលសហរដ្ឋអាមេរិកតែងតែពោលសរសើរ”។
សេតវិមានបានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទី១៨ ធ្នូ ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ ដែលអាចនឹងធាក់បណ្ដាក្រុមហ៊ុនចិន ចេញពីទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុនទាំងនោះមិនគោរពតាមស្ដង់ដារសវនកម្មរបស់សហរដ្ឋអាមេរិក ឱ្យបានម៉ឺងម៉ាត់ទេនោះ។ គេមើលឃើញថា ច្បាប់នេះជាឧបករណ៍មួយទៀតសម្រាប់រដ្ឋាភិបាលសាធារណរដ្ឋគំរាមរដ្ឋាភិបាលក្រុងប៉េកាំង មុនពេលចុះចេញពីអំណាចនៅខែក្រោយ៕







