ភ្ជាប់ទំនាក់ទំនងដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ ៖ @cambodiafinancialtimes
ដោយៈ ចំណាន
កំពង់ធំៈ ធនាគារជាតិនៃកម្ពុជា(NBC) បានផ្តួចផ្តើមរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលធាតុចូលស្តីពី “ការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុ”។
លោកយឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីនោះ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅឃុំសំបូរ និងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សិក្ខាសាលាដ៏មានខ្លឹមសារនេះ មានគោលបំណងសំខាន់ ដើម្បីផ្សព្វផ្សាយដល់ប្រជាសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធអំពីបញ្ហាកម្ចីខុសច្បាប់ ឬកម្ចីក្រៅផ្លូវការ ក៏ដូចជា ស្វែងយល់ពីស្ថានភាពជាក់ស្តែងដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ព្រមទាំងជំរុញលើកទឹកចិត្តក្នុងការប្រើប្រាស់កម្ចីប្រកបដោយការទទួលខុសត្រូវ។
វេទិកាទាំងពីរនេះ បានប្រព្រឹត្តិទៅបានយ៉ាងអធឹកអធម ដោយមានការសហការ ពីសំណាក់ប្រជាសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងឃុំសំបូរ និងឃុំឈូក ស្រុកប្រាសាទសំបូរ ក្នុងការជួយផ្សព្វផ្សាយអំពីបញ្ហាប្រឈម ការឆ្លើយតបទៅនឹងសំណូមពរនានា និងជាពិសេសការប្រមូលធាតុចូលក្នុងការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន៕