ដោយៈ គង់ ម៉ាណា
ប្រទេសចិនៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី “កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន តាមប្រព័ន្ធអេឡិចត្រូនិក”។
ការចូលរួមនេះធ្វើឡើងក្នុងឱកាស នៃការចូលរួមក្នុងវេទិកាបូអាវ សម្រាប់អាស៊ី (Boao Forum for Asia) ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្នុងខេត្តហៃណាន ប្រទេសចិន។
តាមរយៈកិច្ចពិភាក្សានេះ លោកជំទាវបណ្ឌិត បាយវាយតម្លៃខ្ពស់ ចំពោះការតភ្ជាប់ប្រព័ន្ធទូទាត់រវាងកុម្ពុជា និងចិន ព្រមទាំងបានលើកទ្បើងពីតួនាទីចាំបាច់ របស់ប្រព័ន្ធទូទាត់ឆ្លងដែន នៅក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងបានរំលេចពីបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការខិតខំពង្រីកការទូទាត់ឆ្លងដែន តាមរយៈប្រព័ន្ធបាគង ទៅតាមបណ្តាប្រទេសជាដៃគូពាណិជ្ជរបស់កម្ពុជា។
បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានផ្តល់នូវទស្សនាទានថ្មីៗបន្ថែមទៀត ក្នុងការជំរុញណិជ្ជកម្មឆ្លងដែន តាមប្រព័ន្ធអេទ្បិចត្រូនិក ដែលក្នុងនោះរួមមាន៖ ១/-ការគិតគូរនូវគោលនយោបាយគាំទ្រលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ក្នុងការបង្កើនសមត្ថភាព និងគុណភាពផលិតផលសម្រាប់ទីផ្សារឆ្លងដែន។
២/-ការរៀបចំឲ្យកាន់តែមានប្រសិទ្ធភាព ចំពោះយន្តការទ្បូជីស្ទីក ប្រព័ន្ធពន្ធគយ និងការស្វែងរកទីផ្សារជាដើម និង៣/- ការពង្រីកប្រព័ន្ធទូទាត់ដោយផ្ទាល់ រវាងអ្នកនាំចេញ និងនាំចូលផលិតផលឆ្លងដែន ដើម្បីពន្លឿន និងធ្វើឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការទូទាត់៕