ដោយៈ ម៉ាណា
ភ្នំពេញៈ ប្រតិភូតំណាងធនាគារជាតិនៃកម្ពុជា(NBC) បានជួបជាមួយមន្រ្តីក្រសួងមុខងារសាធារណៈ ដើម្បីពិភាក្សានិងផ្សព្វផ្សាយចែករំលែកព័ត៌មានអំពីសេវារបស់ធនាគារជាតិនៃកម្ពុជា។
ក្នុងជំនួបកាលពីសប្តាហ៍មុនេះ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ឆាយ គឹមសុទ្ធី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំក្រុមការងារជំនាញ ក្រសួងមុខងារសាធារណៈ ជួបប្រជ៉ំជាមួយប្រតិភូតំណាងធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សា និងផ្សព្វផ្សាយចែករំលែកព័ត៌មាន អំពីសេវារបស់ធនាគារជាតិនៃកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងាសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល។
ក្នុងជំនួបពិភាក្សានេះ តំណាងធនាគារជាតិនៃកម្ពុជាបានធ្វើបទបង្ហាញអំពីសេវាសំខាន់ៗរបស់ខ្លួនដូចជា ទី១ សេវាធនាគារកណ្តាល(សេវាគ្រប់គ្រងគណនី) ទី២ សេវាធនាគារតាមប្រព័ន្ធអេឡិចត្រូនិក Online Banking System (OBS) និងទី៣.ការប្រើប្រាស់ និងអត្ថប្រយោជន៍នៃប្រព័ន្ធបាគង។
ចំណេះដឹងអំពីសេវាទាំងនេះ នឹងជាធាតុចូលដ៏មានសារៈសំខាន់មួយផ្នែកសម្រាប់មន្រ្តីជំនាញ ដើម្បីប្រមូលធាតុចូលក្នុងការអភិវឌ្ឍអង្គភាពរបស់ខ្លួន នៅក្នុងការចូលរួមការងារកំណែទម្រង់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
បន្ទាប់ពីបានស្តាប់បទបង្ហាញ និងការពិភាក្សាចែករំលែកព័ត៌មានពីវិសាលភាព និងអត្ថប្រយោជន៍ជាច្រើន របស់សេវានីមួយៗរួចមក លោកជំទាវប្រធានអង្គប្រជ៉ំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារជំនាញធនាគារជាតិនៃកម្ពុជា ដែលបានចូលរួមចែករំលែកព័ត៌មាននិងការឆ្លើយតប នូវចម្ងល់ជាច្រើនជូនដល់ក្រុមការងារជំនាញរបស់ក្រសួងមុខងារសាធារណៈ ដោយទទួលជ្រួតជ្រាបនិងយល់ដឹងកាន់តែច្បាស់អំពីសេវានានារបស់ធនាគារ៕